FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ចាប់ផ្តើ​មដំឡើងថ្លៃសំបុត្រយន្តហោះ បន្ទាប់ពី​តម្លៃប្រេងឥន្ធនៈកើនឡើង

31-03-2026 11:29

(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ ចំនួន១៨ក្រុមហ៊ុន ក្នុងចំណោម ៣៦ក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការហោះហើរដឹកជញ្ជូនតាមផ្លូវអាកាសចេញ-ចូល​កម្ពុជា បានចាប់ផ្តើមដំឡើងថ្លៃសំបុត្រយន្តហោះ ដោយសារតែតម្លៃប្រេងឥន្ធនៈកើនឡើងខ្លាំង​ ក្រោយរងផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈិមបូព៌ា។

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យ​ដឹងថា ក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈកើនឡើងខ្លាំង ដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ​បានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍មួយចំនួន សម្រេចដំឡើងថ្លៃសំបុត្រយន្តហោះ​ ​ដោយបានគិតបន្ថែមតម្លៃសម្រាប់ប្រេងឥន្ធនៈ លើតម្លៃសំបុត្រយន្តហោះមូលដ្ឋាន ដើម្បីស្របតាមការកើនឡើងនៃថ្លៃប្រេងឥន្ទនៈ។ ការដំឡើងតម្លៃ បន្ថែមសម្រាប់ប្រេងឥន្ធនៈ(YQ) គឺធ្វើឡើងតាមដំណាក់ផ្លូវហោះហើរ គឺអាស្រ័យលើចម្ងាយជិត-ឆ្ងាយ​ ជាក់ស្តែងរបស់ក្រុមហ៊ុនអាកាសចរណ៍។

បើតាមអ្នកនាំពាក្យរូបនេះ ​ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកទាំង៤ ​រួមមាន ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia(K6), ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia (KT), Cambodia Airway (KR) និងSky Angkor Ailines (ZA) ​ មានការកើនឡើងថ្លៃសំបុត្រយន្តហោះជាមធ្យមភាគ ​ប្រមាណពី ៥ដុល្លារទៅ ៣២.៥ដុល្លារ ដែលគិតជាមធ្យមភាគមានចំនួន ប្រមាណ ២១ដុល្លារ។ ចំណែកក្រុមហ៊ុនអាកាសចរណ៍បរទេស មានការកើនឡើងគិតជាមធ្យមភាគ​ចំនួន ប្រមាណ ២៨ដុល្លារ។ ពោលគឺការកើនឡើងថ្លៃសំបុត្រយន្តហោះ ទាំងក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ​សរុបជាមធ្យមភាគ (Total Airline's Average) ប្រមាណ ២៤ ដុល្លារ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៦ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនជាតិចំនួន៤ និងអន្តរជាតិចំនួន ៣២​ និងកំពុងតភ្ជាប់ជើងហោះហើរជាមួយ១៧ ប្រទេស និង៤៦ ទីក្រុង។ ក្នុងចំណោម ១៧ ប្រទេសនោះ អាកាសចរណ៍កម្ពុជា បានតភ្ជាប់ទៅកាន់ ៨ ប្រទេសក្នុងតំបន់អាស៊ាន (លើកលែង ប្រទេស ព្រុយណេ និងទីម័រខាងកើត) រីឯប្រទេសក្រៅតំបន់អាស៊ានរួមមាន ប្រទេសចិន កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ឥណ្ឌា កាតា អេមីរ៉ាតអារ៉ាប់រួម ជប៉ុន និងតួកគី៕