យល់ដឹងពីជំនួញ៖ អ្នកជំនួញល្បីឈ្មោះណែនាំឱ្យប្រជាពលរដ្ឋមានដីទំនេរ សូមដាំដុះស្វាយចន្ទី ដើមអាកាស្យា ឬប្រេងខ្យល់ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និងនាំមកនូវបរិស្ថានល្អ (Video inside)
29-03-2026 13:28
(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកជំនួញល្បីឈ្មោះ បានណែនាំឱ្យប្រជាពលរដ្ឋមានដីទំនេរ ដាំដុះស្វាយចន្ទី ដើមអាកាស្យា ឬប្រេងខ្យល់ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និងនាំមកនូវបរិស្ថានល្អ ហើយដំណាំទាំងនេះ ងាយស្រួលដាំ និងមានទីផ្សារល្អផងដែរ។
លោកបានលើកឡើងថា ស្វាយចន្ទីកម្ពុជា ត្រូវបានចាត់ទុកថា មានគុណភាពល្អ ហើយអាចប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងបាន។ ចំណែកការដាំដំណាំស្វាយចន្ទី គឺមិនបាច់ប្រើបច្ចេកទេសច្រើន និងចំណាយទុនតិចជាងដាំកៅស៊ូ ខណៈការប្រមូលផលក៏មិនបាច់ប្រើកម្មករជំនាញដែរ ដូច្នេះផ្តល់ភាពងាយស្រួលដល់កសិករក្នុងការដាំដុះ។
ជាមួយគ្នានេះ រដ្ឋាភិបាលបានសម្រេចឱ្យបង្កើតជាសួនឧស្សាហកម្មកែច្នៃស្វាយចន្ទីនៅខេត្តកំពង់ធំ ដែលយើងអាចកែច្នៃផលិតផលសម្រេច ដើម្បីធ្វើការនាំចេញ។ លោកលើកទឹកចិត្តកសិករ ដែលមានដីទំនេរដាំដុះឱ្យបានច្រើន ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងជាផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិ។
ទន្ទឹមគ្នានេះ លោកក៏លើកទឹកចិត្តដល់កសិករ ដាំដើមអាកាស្យា និងដើមប្រេងខ្យល់ ដើម្បីបង្កើនភាពបៃតង និងអាចប្រមូលផលសម្រាប់លក់ ដោយមានអ្នកប្រមូលទិញជាប្រចាំ។ លោករំពឹងថា នៅថ្ងៃមុខ នៅពេលដែលមានការដាំដុះបានកាន់តែច្រើន រដ្ឋាភិបាលអាចនឹងចេញអនុក្រឹត្យ ឬច្បាប់ ដើម្បីលើកទឹកចិត្តឱ្យមានការនាំចេញឱ្យបានទូលំទូលាយផងដែរ។
ហេតុនេះហើយ ប្រជាកសិករ ដែលមានដីទំនេរ មិនគួរមើលរំលងចំពោះការដាំដំណាំ ទាំង៣ប្រភេទនេះនោះទេ ព្រោះវាងាយស្រួល និងអាចលក់បានច្រើន ក្រៅពីមុខរបរស្នួល៕




