FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាជំរុញការផ្លាស់ប្តូរ ទៅកាន់កសិកម្មបញ្ចេញកាបូនទាប ក្នុងសន្និសីទកសិ-ចំណីអាហារ ប្រកបដោយនិរន្តរភាព ឆ្នាំ២០២៦

27-03-2026 16:55

(ភ្នំពេញ)៖ ភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងវិស័យកសិកម្ម រួមមានមន្ត្រីរាជ រដ្ឋាភិបាល ដៃគូជាតិ អន្តរជាតិ វិស័យឯកជន សហគមន៍កសិកម្ម និងកសិករ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានជួបជុំគ្នានៅសន្និសីទកសិ-ចំណីអាហារប្រកបដោយនិរន្តរភាពឆ្នាំ ២០២៦ ។

ក្រោមប្រធានបទ «ពង្រីកវិសាលភាពផលិតកម្មដំណាំស្រូវកាបូនទាប កសិ-រុក្ខកម្មដំណាំចន្ទី និងខ្សែចង្វាក់តម្លៃវិលជុំសម្រាប់ភាពធន់ និងជីវភាពរស់នៅរបស់កសិករខ្នាតតូច» សន្និសីទនេះ បានកត់សម្គាល់នូវរបត់ផ្លាស់ប្តូរដ៏សំខាន់ពីគម្រោងសាកល្បង ទៅជាយុទ្ធសាស្ត្រជាតិរួមគ្នាសម្រាប់កសិកម្មបញ្ចេញកាបូនទាប ។

ព្រឹត្តិការណ៍នេះ រៀបចំដោយក្រុមហ៊ុនអេមរុ រ៉ាយស៍ ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា និងសហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាវេទិកាដ៏សំខាន់ ក្នុងការតម្រង់ទិសផលិតភាពកសិកម្មកម្ពុជា ឱ្យស្របតាមការប្តេជ្ញាចិត្តចំពោះអាកាសធាតុសកល។

ការផ្តោតសំខាន់នៅឆ្នាំនេះ លើការអនុវត្តបច្ចេកទេសពន្លិចឆ្លាស់ នឹងបង្គោកដីស្រែ (AWD) សម្រាប់ដំណាំស្រូវ ឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រដើម្បីបង្កើនប្រភពចំណូលរបស់កសិករ ខណៈពេលដែលឆ្លើយតបទៅនឹងតម្រូវការដ៏តឹងរ៉ឹងនៃនិរន្តរភាព និងការបញ្ចេញកាបូនទាបនៃទីផ្សារអន្តរជាតិ។

សន្និសីទនេះ ត្រូវបានប្រារព្ធឡើងបន្ទាប់ពីមហាសន្និបាតប្រចាំឆ្នាំ របស់ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ដែលផ្តោតលើការពង្រឹងភាពជាអ្នកដឹកនាំ និងសាមគ្គីភាពរបស់សហគមន៍កសិកម្ម។

ក្នុងមហាសន្និបាតនោះ លោកបណ្ឌិត មី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា បានសង្កត់ធ្ងន់ថា អនាគតនៃកសិកម្មកម្ពុជា គឺផ្អែកលើការ លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់កសិករតាមរយៈចក្ខុវិស័យរួម ។ លោកបានជំរុញឱ្យភាគីពាក់ព័ន្ធមានភាពសកម្ម ដោយប្រើពាក្យស្លោកថា «គិតឱ្យធំ ចាប់ផ្តើមពីតូច និងធ្វើឱ្យលឿន»

ការផ្លាស់ប្តូរឆ្ពោះទៅរកខ្សែចង្វាក់តម្លៃដែលមានតម្លៃខ្ពស់ និងការបំភាយកាបូនទាប ត្រូវបានជំរុញដោយអាទិភាពជាតិក្នុងការពង្រីកការអនុវត្តបច្ចេកទេស (AWD) លើផ្ទៃដី ១០,០០០ ហិកតា ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័ន ផ្ទះកញ្ចក់និងការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព។

យុទ្ធសាស្ត្រនេះ រួមបញ្ចូលនូវកសិ-រុក្ខកម្មដំណាំចន្ទី និងដំឡូងមីសរីរាង្គ ដើម្បីពង្រឹងជីវចម្រុះ បង្កើតខ្សែចង្វាក់តម្លៃវិលជុំដែលស្តារសុខភាពដីឡើងវិញ។

ចំណុចស្នូលនៃកិច្ចខិតខំ ប្រឹងប្រែងទាំងនេះ គឺការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវាស់វែង រាយការណ៍ និងផ្ទៀងផ្ទាត់ (MRV) ផ្អែកលើបច្ចេកវិទ្យា ដែលផ្តល់នូវតម្លាភាពសម្រាប់ការរក្សាទុកកាបូន និងវិញ្ញាបនបត្រនិរន្តរភាព។

តាមរយៈការប្រើប្រាស់ឧបករណ៍ឌីជីថលទាំងនេះ ការអនុវត្តកសិកម្មកកើតឡើងវិញត្រូវបានផ្លាស់ប្តូរទៅជាទ្រព្យទីផ្សារដែលមានតម្លៃខ្ពស់ និងអាចត្រួតពិនិត្យប្រភពបាន ដែលផ្តល់អត្ថប្រយោជន៍ទាំងដល់បរិស្ថាន និងជីវភាពរបស់កសិករខ្នាតតូច ។

នៅក្នុងបរិបទសកលបច្ចុប្បន្ន ការប្រែប្រួលអាកាសធាតុ ការបាត់បង់ធនធានធម្មជាតិ និងការកើនឡើងនៃតម្រូវការស្បៀងអាហារ បានដាក់សម្ពាធយ៉ាងខ្លាំង ដែលមិនធ្លាប់មានលើវិស័យកសិកម្ម។

សម្រាប់កម្ពុជា វិស័យស្រូវអង្ករនៅតែជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់ ដែលមិនត្រឹមតែធានានូវសន្តិសុខស្បៀងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពការងារ និងចំណូលចម្បងសម្រាប់គ្រួសារកសិកររាប់លាននាក់ផងដែរ។

ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា «ការផ្លាស់ប្តូរទៅរកកសិកម្មប្រកបដោយនិរន្តរភាព មិនមែនជាជម្រើសទៀតទេ ប៉ុន្តែគឺជាភាពចាំបាច់បំផុតសម្រាប់អនាគតរបស់ប្រទេសជាតិ»

ការពិភាក្សាអំពីគំរូហិរញ្ញប្បទានសម្រាប់ ពិពិធកម្មកសិ-អាហារ បានលើកឡើងអំពីថ្លៃដើមនៃការផ្លាស់ប្តូរ ដ៏សំខាន់ក្នុងការឈានទៅរកកសិកម្មប្រកបដោយនិរន្តរភាព ។ ថ្នាក់ដឹកនាំហិរញ្ញវត្ថុមកពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (SME) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត (Amret) បានពិភាក្សាអំពីផលិតផលឥណទានឯកទេសដែលរៀបចំឡើងសម្រាប់សហគមន៍កសិកម្ម។

កិច្ចសន្ទនាបានផ្តោតលើការធ្វើឱ្យហិរញ្ញប្បទានបៃតង និងឱកាសទីផ្សារកាបូន អាចទទួលបានសម្រាប់កសិករខ្នាតតូច ដើម្បីធានាថាពួកគេ មិនត្រូវរងបន្ទុកហិរញ្ញវត្ថុតែម្នាក់ឯងក្នុងការប្រែប្រួលអាកាសធាតុនេះឡើយ។

ដោយទទួលស្គាល់ថាហិរញ្ញប្បទានបៃតងគឺជាកាតាលីករដ៏សំខាន់សម្រាប់និរន្តរភាព ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបង្កើតនាយកដ្ឋានហិរញ្ញប្បទានបៃតងមួយ ដើម្បីការពារ ធនធានសម្រាប់ជំនាន់ក្រោយ។ ដោយសារវិស័យកសិកម្មមានចំណែក ៣០% នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និង ៧០% នៃការប្រើប្រាស់ទឹក ការផ្លាស់ប្តូរយុទ្ធសាស្ត្រគឺជាការចាំបាច់ ។

បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានលើកឡើងពីចំណុចសំខាន់មួយចំនួនរួមមាន «អង្ករកម្ពុជា គឺមិនមែនត្រឹមតែជាផលិតផលកសិកម្មនោះទេ ប៉ុន្តែអង្ករតំណាងឱ្យ (១)ជីវភាពរស់នៅរបស់ប្រជាកសិករ (២)ភាពខ្លាំងនៃសេដ្ឋកិច្ចកម្ពុជា និង(៣)មោទនភាពជាតិ»

លោកបន្ដថា «អង្ករខ្មែរមួយគ្រាប់ៗ បានបង្ហាញអំពីភាពអត់ធ្មត់ និងការតស៊ូរបស់ប្រជាកសិករខ្មែរ ពីវាលស្រែ ដល់រោងម៉ាស៊ីនកិនស្រូវ និងពីកំពុងផែកម្ពុជាដល់ទីផ្សារអន្តរជាតិ»

វិស័យស្រូវអង្ករ គឺជាវិស័យមួយដែលទាមទារឲ្យមានការអត់ធ្មត់ ការខិតខំប្រឹងប្រែង ការតស៊ូ និងការបត់បែនតាមស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ដែលតម្រូវឲ្យកសិករ ទាំងអស់ត្រូវតែគិតគូអំពីការធ្វើកសិកម្ម ប្រកបដោយចីរភាព (Sustainable Agriculture) សំដៅធានានូវសន្តិសុខស្បៀង។

ការផលិតស្រូវបញ្ចេញកាបូនទាប ផ្តល់ឱ្យកម្ពុជានូវអត្ថប្រយោជន៍ពីរយ៉ាងក្នុងសេដ្ឋកិច្ចទំនើប ដោយស្របតាមតម្រូវការសកល ដែលកំពុងកើនឡើងសម្រាប់ផលិតផល ដែលយកចិត្តទុកដាក់លើបញ្ហាការប្រែប្រួលអាកាសធាតុ។

តាមរយៈការបង្កើតទីផ្សារពិសេស ដែលមានលក្ខណៈប្រកួតប្រជែង ប្រទេសជាតិអាចបន្ថែមតម្លៃយ៉ាងសំខាន់ដល់ការនាំចេញកសិផលរបស់ខ្លួន។ បន្ថែមពីនេះ តាមរយៈការអនុវត្តយ៉ាងហ្មត់ចត់នូវបច្ចេកទេស (AWD) កម្ពុជាមានលទ្ធភាពសម្របសម្រួលការលក់ឥណទានកាបូន ដែលផ្តល់ឱ្យកសិករនូវប្រភពចំណូលបន្ទាប់បន្សំដ៏សំខាន់។

លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានសង្កត់ធ្ងន់ថា «រង្វាន់ផ្អែកលើទីផ្សារសម្រាប់ការអភិរក្សបរិស្ថាននេះ គាំទ្រដោយផ្ទាល់ដល់ការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការកែលម្អជីវភាពជនបទ និងធានាថាអត្ថប្រយោជន៍ជាក់ស្តែងនៃកំណើនបៃតងនឹងទៅដល់ដៃកសិករ»

សន្និសីទនេះ ក៏បានប្រារព្ធខួបលើកទី ១៥ របស់ក្រុមហ៊ុនអេមរុ រ៉ាយស៍ ដែលជាសមិទ្ធផលដ៏សំខាន់ក្នុងការកសាងភាពជាដៃគូជាងមួយទសវត្សរ៍ជាមួយកសិករកម្ពុជា ។ នៅក្នុងសុន្ទរកថាបិទ លោក សុង សារ៉ន ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនអេមរុ រ៉ាយស៍ បានកត់សម្គាល់ថា «ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ជំហានបន្ទាប់ ។ អនាគតនៃកសិកម្មកម្ពុជា មិនត្រូវបានកំណត់ដោយបរិមាណដែលយើងផលិតបាននោះទេ ប៉ុន្តែគឺកំណត់ដោយរបៀបដែលយើងផលិតវា»

លោកបន្ដថា «តាមរយៈការពង្រីកការអនុវត្តស្រូវកាបូនទាប និងការកសាងខ្សែចង្វាក់តម្លៃដែលគួរឱ្យទុកចិត្ត យើងកំពុងផ្លាស់ប្តូរនិរន្តរភាពឱ្យទៅជាឱកាស សម្រាប់កសិករ សេដ្ឋកិច្ច និងប្រទេសជាតិរបស់យើង»។

ព្រឹត្តិការណ៍នេះ ត្រូវបានបញ្ចប់ដោយការចុះអនុស្សរណៈយោគយល់គ្នា (MOU) រវាងក្រុមហ៊ុនអេមរុ រ៉ាយស៍ នាយកដ្ឋានដំណាំស្រូវ និងសហភាពសហគមន៍កសិកម្មក្នុងតំបន់ ដើម្បីពង្រឹងការប្តេជ្ញាចិត្តរួមគ្នា ឆ្ពោះទៅរកវិស័យកសិ-ចំណីអាហារកម្ពុជាដែលមានភាពធន់ និងចម្រុះ៕