មន្ត្រីជាន់ខ្ពស់ពន្ធដារ៖ ការយកបារីខុសច្បាប់ទៅលក់ នាំឲ្យប្រឈមនឹងទោសទណ្ឌ និងបំផ្លាញបរិយាកាសវិនិយោគកម្ពុជា
27-03-2026 08:44
(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ិញ បានកុសល អគ្គនាយករង តំណាងលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងឲ្យដឹងថា ការយកបារីខុសច្បាប់ទៅលក់ នាំឲ្យប្រឈមនឹងទោសទណ្ឌ និងបំផ្លាញបរិយាកាសវិនិយោគកម្ពុជា។
លោកថ្លែងបែបនេះ ក្នុងឱកាសបើកសិក្ខាសាលា ស្តីពី កាតព្វកិច្ចបិទតែមប្រិ៍អាករសម្រាប់បារី អាករពិសេស និងអាករសម្រាប់បំភ្លឺសាធារណៈ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅអគារអគ្គនាយកដ្ឋាពន្ធដារ។
លោកបណ្ឌិត ម៉ិញ បានកុសល បានឲ្យដឹងថា ក្នុងឆ្នាំ២០២៥ ក្រុមការងារចម្រុះតែមប្រិ៍ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចុះត្រួតពិនិត្យកាតព្វកិច្ចបិទតែមប្រិ៍អាករបារី នៅតាមអាជីវកម្មដ្ឋានចំនួន ៨កន្លែង និងបានរកឃើញបារីមិនមានបិទតែមប្រិ៍អាករចម្រុះម៉ាក ចំនួន ៣៧៤.៦៨កេស ស្មើនឹង ១៨ ៧០៩សុង (ស្មើនឹងជិត ៤លានដើមបារី)។
ទន្ទឹមនេះ លោកបណ្ឌិត ម៉ិញ បានកុសល បានផ្តាំផ្ញើទៅអ្នកទិញថា បារីដែលលក់ថោក ច្បាស់ជាមានសារធាតុពុលខ្លាំង និងនាំឲ្យខូចសុខភាពលឿន។ បន្ថែមលើនេះ លោកបណ្ឌិតក៏បានស្នើសូមអាជីវករ កុំយកបារីខុសច្បាប់ទៅលក់ ព្រោះនាំឲ្យប្រឈមនឹងទោសទណ្ឌ ហើយការយករបស់មិនត្រឹមត្រូវ ឬមិនល្អមកលក់ ដូចសម្លាប់ប្រជាជនខ្មែរឯងដែរ និងបំផ្លាញបរិយាកាសវិនិយោគនៅកម្ពុជា។
អ្នករកស៉ីត្រូវធ្វើតាមច្បាប់ បើមិនគោរពច្បាប់ គង់តែគេចាប់បានទេ។ ការធ្វើតាមច្បាប់ នាំឲ្យការរកស៉ីត្រឹមត្រូវ ទទួលបានចំណេញ ហើយរដ្ឋក៏ទទួលបានចំណូលតាមរយៈការបង់ពន្ធដែរ។ នេះបើតាម លោកបណ្ឌិត ម៉ិញ បានកុសល។
សម្រាប់ផលិតផលបារី បើមិនមានបិទតែមប្រិ៍អាករ ការក្លែងបន្លំ ឬបិទតែមក្លែងក្លាយ និងការប្រើប្រាស់តែមប្រិ៍អាករដែលបានបិទរួច សុទ្ធតែត្រូវបានចាត់ទុកជាអំពើគេចវេះពន្ធ និងអំពើរាំងស្ទះ។ នេះបើតាមលោក ម៉ឹង សុខឡៅ អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារ។
លោក ម៉ឹង សុខឡៅ បានឲ្យដឹងថា ចំពោះការគេចវេះពន្ធ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០លានរៀល ទៅ ២០០លានរៀល។ ជាមួយគ្នានេះ ចំពោះអំពើរាំងស្ទះ មានទណ្ឌកម្មរដ្ឋបាល និងព្រហ្មទណ្ឌ ដែលទណ្ឌកម្មរដ្ឋបាល ត្រូវផាកពិន័យ ១០លានរៀល ដោយមិនទាន់គិតទណ្ឌកម្មរដ្ឋបាលដទៃទៀត ខណៈទណ្ឌកម្មព្រហ្មទណ្ឌ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ខែ ដល់ ១ឆ្នាំ និងពិន័យជាប្រាក់ពី ៥០លានរៀល ដល់ ១០០លានរៀល។
លោក ម៉ឹង សុខឡៅ បានបន្ថែមថា គោលបំណងនៃការប្រើប្រាស់តែមប្រិ៍អាករសម្រាប់បារី៖
*១៖ ពង្រឹងការគ្រប់គ្រង និងប្រមូលពន្ធ-អាករ លើផលិតផលបារី
*២៖ ទប់ស្កាត់ការគេចវេះ និងបន្លំពន្ធ
*៣៖ ធានាការប្រកួតប្រជែងដោយស្មើភាព និងលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា
*៤៖ ធានាភាពស្របច្បាប់ (និងគុណភាព) នៃផលិតផលបារី ។
គ្រប់ផលិតផលបារី ត្រូវមានការបិទតែមប្រិ៍អាករត្រឹមត្រូវមុនការនាំចូល ឬមុនការនាំចេញពីការឃុំគ្រងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចំពោះបារីនាំចូល ឬមុនពេលបញ្ចេញពីរោងចក្រ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានពន្ធដារ ចំពោះបារីផលិតក្នុងស្រុក យកទៅដាក់លក់លើទីផ្សារ៕


