FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ត្រឹមដំណាច់ឆ្នាំ២០២៥ ឥណទានផ្លូវការនៅកម្ពុជា មានជាង ៦២ពាន់លានដុល្លារ និងមានអ្នកខ្ចីជាង ៥លាននាក់ ខណៈអត្រាសងយឺតលើសពី៩០ថ្ងៃ មានអត្រា ៦.៤៥%

25-03-2026 15:11

(ភ្នំពេញ)៖ គិតត្រឹមដំណាច់ឆ្នាំ២០២៥ សមតុល្យឥណទា នផ្លូវការនៅកម្ពុជា មានចំនួនជាង ២៤៨ពាន់លានរៀល ឬប្រមាណ៦២ពាន់លានដុល្លារអាមេរិក ដោយមានអ្នកប្រើប្រាស់ឥណទាននៅទូទាំងប្រទេសប្រមាណ ៥.១៣លាននាក់។ នេះបើយោងតាមបាយការណ៍របស់ CBC ដែលបានចេញផ្សាយពីស្ថានភាពឥណទាននៅកម្ពុជាសម្រាប់ឆ្នាំ២០២៥។

តាម CBC ក្នុងចំណោមឥណទានសរុបទាំងនេះ ក្នុងនោះរាជធានី ខេត្តចំនួន៣ គឺរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ បានផ្តល់ឥណទានប្រហែល ៦១% នៃសមតុល្យឥណទានសរុប។ រាជធានីភ្នំពេញ មានបរិមាណឥណទាន ច្រើនជាងគេចំនួន ១២៦ពាន់លានរៀល ឬប្រមាណ៣១ពាន់លានដុល្លារ ស្មើនឹង ៥១% នៃសមតុល្យឥណទាន ទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់សរុបចំនួន ៧២.៣ម៉ឺននាក់។

បន្ទាប់មក គឺខេត្តកណ្តាល មានបរិមាណឥណទាន ចំនួន១៣ពាន់លានរៀល ឬប្រមាណ៣.៣ពាន់លានដុល្លារ ស្មើនឹង ៥.៤% នៃសមតុល្យឥណទានទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់ សរុបចំនួន ៤០.៩ ម៉ឺននាក់។ ខេត្តកំពង់ស្ពឺ គឺជាខេត្តដែលមានបរិមាណឥណទានខ្ពស់លំដាប់ទី៣ គឺប្រមាណ ១០ពាន់លានរៀល ឬប្រមាណ២.៦ពាន់លានដុល្លារ ស្មើនឹង ៤.៣% នៃសមតុល្យឥណទានទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់សរុបចំនួន ៣៩.២ម៉ឺននាក់។ ខេត្តដែលមានបរិមាណឥណទានទាបជាងគេចំនួន៣ មានដូចជា ខេត្តប៉ៃលិន ខេត្តមណ្ឌលគិរី និង ខេត្តកែប។

សម្រាប់ការប្រើប្រាស់ឥណទានរបស់ស្ត្រីវិញ គិតត្រឹមចុងឆ្នាំ២០២៥ អត្រានៃអ្នកប្រើប្រាស់ឥណទានលក្ខណៈបុគ្គល ជាមធ្យមនៅក្នុងខេត្តនីមួយៗ មានប្រមាណប្រហែលពាក់កណ្តាលនៃចំនួនប្រជាជនដែលខ្ចីសរុប-ខេត្តចំនួន៤ ដែលមានអត្រាប្រើប្រាស់ឥណទានជាស្ត្រីច្រើនជាងគេ គឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម និង ខេត្តតាកែវ ដែលមាន៥៤%។ ខេត្ត និងរាជធានីចំនួន៣ ដែលនៅមានអត្រាអ្នកប្រើប្រាស់ឥណទានជាស្ត្រីទាបជាងគេ គឺ ខេត្តព្រះសីហនុ ខេត្តរតនគិរី និងរាជធានីភ្នំពេញ ចំនួន៤៩%។

ចំពោះគុណភាពឥណទានវិញ ជារួមអត្រានៃការសងត្រឡប់យឺតលើសពី៩០ថ្ងៃ មានចំនួន ៦.៤៦% គិតត្រឹមចុងឆ្នាំ២០២៥។ ខេត្ត និងរាជធានី ចំនួន ៣ដែលមានអត្រានៃការសងត្រឡប់យឺតលើសពី៩០ថ្ងៃ ទាបជាងគេមាន ខេត្តស្វាយរៀង ចំនួន ៤.២១% ខេត្តកែប ៤.៩៥% រាជធានីភ្នំពេញ ចំនួន ៥.៤៤%។

CBC បានបញ្ជាក់ថា «ចំពោះការសងត្រឡប់យឺតលើស៩០ថ្ងៃ លើខេត្ត និងរាជធានីដែលមានការប្រើប្រាស់កម្ចីច្រើនជាងគេ (៦១%) ខាងលើ យើងឃើញថា មានអត្រានៃអ្នកសងត្រឡប់យឺតលើសពី៩០ថ្ងៃ ជាមធ្យមគឺ ៦.៧0% ដែលរាជធានីភ្នំពេញ មាន ៥.៤៤% ខេត្តកណ្តាល មាន ៧.១២% និងខេត្តកំពង់ស្ពឺមាន ៧.៥៣%។ យើងឃើញថាខេត្តទាំងបី ដែលមានការប្រើប្រាស់ឥណទានខ្ពស់ ជាងគេ មានអត្រានៃការសងត្រឡប់យឺតលើសពី៩០ថ្ងៃ ស្ថិតនៅក្នុងចំណោមកម្រិតទាប បើធៀបនឹងការសង យឺតនៅក្នុងខេត្តផ្សេងៗទៀត»។

CBC បានឱ្យដឹងដែរ រូបវន្តបុគ្គល និងក្រុមហ៊ុន ឬសហគ្រាសមានកម្ចីជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុតែមួយ នៅទូទាំងប្រទេសប្រហែល ៧៦%។ អតិថិជនលក្ខណៈបុគ្គល និងក្រុមហ៊ុន ឬសហគ្រាសមានទំនាក់ទំនងខ្ចី ជាមួយពីរស្ថាប័នមានអត្រាប្រមាណ ២០% ហើយជាមួយបីស្ថាប័នមានប្រហែល ៤%។ ខេត្តស្វាយរៀង ខេត្តកែប និងខេត្តព្រះសីហនុ មានអត្រាអ្នកខ្ចីប្រាក់តែពីមួយស្ថាប័ន ខ្ពស់ជាងគេដែលមានប្រហែល ៨០% ដែលជាអត្រាមួយល្អ៕