ក្រសួងសេដ្ឋកិច្ច លើកទឹកចិត្តដល់គ្រប់ក្រសួង-ស្ថាប័ន រៀបចំសិក្ខាសាលា និងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ និងស្នើឲ្យផ្អាកចូលរួមកិច្ចប្រជុំក្រៅប្រទេស ដែលពុំសូវចាំបាច់
24-03-2026 12:09
(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរ ស្ដីពី ការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាថ្នាក់ជាតិ សម្រាប់អនុវត្ដច្បាប់ ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដោយបានលើកទឹកចិត្តដល់គ្រប់ក្រសួង-ស្ថាប័ន រៀបចំសិក្ខាសាលា និងកិច្ចប្រជុំ តាមប្រព័ន្ធអនឡាញ។
ក្នុងសារាចរ បានបញ្ជាក់ថា កាត់ព្យួរឥណទានចំណាយបេសកកម្មក្នុងប្រទេស និងចំណាយបេសកកម្មក្រៅប្រទេសចំនួន៣០% នៃឥណទានសរុបរបស់គ្រប់ក្រសួង ស្ថាប័នទាំងអស់ រួមទាំងស្ថាប័នកំពូល រួមមាន៖ ព្រឹទ្ធសភា, រដ្ឋសភា និង ក្រុមប្រឹក្សាធម្មនុញ្ញ។
ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា ក្នុងស្មារតីនេះ, គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវពិនិត្យកាត់បន្ថយជាអតិបរមា នូវការធ្វើដំណើរឆ្ងាយ ក្នុងការរៀបចំសិក្ខាសាលា និងកិច្ចប្រជុំនានា ជាលក្ខណៈរូបវ័ន្ត ដោយលើកទឹកចិត្តឱ្យធ្វើតាមប្រព័ន្ធអនឡាញជំនួសវិញ លើកលែងតែករណីចាំបាច់បំផុតប៉ុណ្ណោះ។
ក្រសួងបានបន្ថែមថា ចំពោះការចូលរួមកិច្ចប្រជុំនានា នៅក្រៅប្រទេស, ស្នើក្រសួង ស្ថាប័ន ផ្អាកការចូលរួមក្នុងកិច្ចប្រជុំដែលពុំសូវចាំបាច់, ហើយក្នុងករណីចាំបាច់ខានមិនបាន ដែលតម្រូវឱ្យមានតំណាងរបស់កម្ពុជាចូលរួមប្រជុំ, ក្រសួង ស្ថាប័ន គប្បីស្នើសុំទៅក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់តំណាងស្ថានទូតប្រចាំនៅប្រទេសម្ចាស់ផ្ទះ ចូលរួម កិច្ចប្រជុំនោះ ជំនួសវិញ។
ក្នុងន័យនេះ, ចំពោះការចូលរួមកិច្ចប្រជុំជាលក្ខណៈរូបវ័ន្តនៅក្រៅប្រទេស ស្នើក្រសួង ស្ថាប័ន ជ្រើសរើសតែកិច្ចប្រជុំដែលមានលក្ខណៈយុទ្ធសាស្ត្រ និងចាំបាច់ខ្លាំងបំផុតប៉ុណ្ណោះ។ នេះជាការបញ្ជាក់ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕



