FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការបង្កើតតុលាការពាណិជ្ជកម្មដំបូងនៅកម្ពុជា​​, ក្រសួងយុត្តិធម៌ កំពុងជំរុញ និងសិក្សាស្រាវជ្រាវបន្ថែម ក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ

18-03-2026 11:32

(ភ្នំពេញ)៖ ​ខណៈបណ្តាវិនិយោគិនជាតិ និងអន្តរជាតិទន្ទឹងរង់ចាំវត្តមាន តុលាការពាណិជ្ជកម្មដំបូងគេរបស់កម្ពុជា បើកដំណើរការ​នោះ បច្ចុប្បន្ននេះ ក្រសួងយុត្តិធម៌បាន និងកំពុងជំរុញ និងសិក្សាស្រាវជ្រាវបន្ថែម ក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ​ ក្នុងការបង្កើតតុលាការពាណិជ្ជកម្ម​នេះ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម ក៏ដូចជាបង្កើនជំនឿទុកចិត្តសម្រាប់អ្នកវិនិយោគ​ និង​ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា​។

លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ​និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) មានប្រសាសន៍ថា ការបង្កើតតុលាការពាណិជ្ជកម្មនឹងចូលរួមចំណែក ក្នុងទាក់ទាញវិនិយោគិនពីក្រៅប្រទេស ខណៈរាជរដ្ឋាភិបាលក៏មានឆន្ទៈ ក្នុងការបង្កើតតុលាការឱ្យចេញជារូបរាងផងដែរ ប៉ុន្តែយ៉ាងនេះក្តីការបង្កើតតុលាការពាណិជ្ជកម្មដំបូងគេនៅកម្ពុជាត្រូវការពេលវេលា។

លោកបានពន្យល់ថា «ក្រសួងយុត្តិធម៌ គាត់កំពុងប្រឹងហើយ ព្រោះរឿងនេះ វាមិនមែនជាវិស័យមួយដែលយើងអាចសម្រេចចិត្តសង់អគារមួយ ស្អែកជួលគេមកសង់ទេ ព្រោះវាត្រូវការកសាងសមត្ថភាពចៅក្រម ត្រូវកសាងសមត្ថភាពមេធាវី ត្រូវការកសាងប្រព័ន្ធច្បាប់ អីចឹងទាំងអស់នេះ វាស៊ីពេល ក៏ប៉ុន្តែការប្តេជ្ញារបស់រដ្ឋាភិបាលមានហើយ គ្រាន់តែងថាយើងត្រូវតែបន្តការកែទម្រង់ ហើយការកែទម្រង់នេះ ដើម្បីផលិតភាព»

ជុំវិញករណីនេះ លោកស្រី ឌី ម៉ូឡានី អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និង​សហប្រតិបត្តិការផ្នែកច្បាប់ បានប្រាប់បណ្តាព័ត៌មាន Fresh News ថា បច្ចុប្បន្ននេះ ដំណើរការនៃការបង្កើតតុលាការពាណិជ្ជកម្ម កំពុងស្ថិតក្នុងដំណាក់កាលបច្ចេកទេស ហើយក្រុមការងារបច្ចេកទេសដែលមានការពាក់ព័ន្ធកំពុងធ្វើការសិក្សាស្រាវជ្រាវ ក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការបង្កើតតុលាការពាណិជ្ជកម្មនៅកម្ពុជា។

លោកស្រីបន្ថែមថា ​គម្រោងនៃការបង្កើតតុលាការពាណិជ្ជកម្ម ត្រូវបានធ្វើឡើងស្របនឹងទិសដៅនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលជាមុំមួយដ៏សំខាន់ក្នុងចំណោមមុំទាំង៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ ទន្ទឹមនេះ តុលាការពាណិជ្ជកម្មគ្រោងនឹងបង្កើតឡើង ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម ក៏ដូចជាបង្កើនជំនឿទុកចិត្ត សម្រាប់អ្នកវិនិយោគនៅកម្ពុជា ព្រមទាំងចូលរួមធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជាផងដែរ។

លោកស្រីបានគូសបញ្ជាក់ថា «គម្រោងនៃការដាក់ឱ្យដំណើរការតុលាការពាណិជ្ជកម្មនេះ ទាមទារឱ្យក្រុមការងារបច្ចេកទេស ធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ និងដោយប្រុងប្រយ័ត្ន ជាពិសេសទៅលើទិដ្ឋភាពបច្ចេកទេស និងសង្គតិភាពរវាងបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការបង្កើតតុលាការពាណិជ្ជកម្មនេះ ជាមួយនឹងបទដ្ឋានគតិយុត្តិផ្សេងទៀត ដែលមានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ ក្រុមការងារដែលមានការពាក់ព័ន្ធត្រូវការពេលវេលាសមស្រប ដើម្បីពិនិត្យសិក្សាទៅលើការអនុវត្តល្អៗ របស់តុលាការពាណិជ្ជកម្មនៅក្នុងបណ្តាប្រទេសមួយចំនួន ដែលអាចយកមកធ្វើជាគម្រូមូលដ្ឋាន សម្រាប់កិច្ចដំណើរការនៃការរៀបចំតុលាការពាណិជ្ជកម្មនៅកម្ពុជា។ ជារួម កិច្ចការនេះតម្រូវឱ្យមានពេលវេលាសមស្រប ដើម្បីសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងតម្លាភាព ព្រមទាំងជំនឿទុកចិត្តពីសាធារណជន និងអ្នកវិនិយោគផងដែរ»

តុលាការពាណិជ្ជកម្ម គឺជាតុលាការពិសេសមួយរបស់កម្ពុជា ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម ប្រកបដោយភាពឆាប់រហ័ស តម្លាភាព និងយុត្តិធម៌។ អ្នកជំនាញបានចាត់ទុក ការបង្កើតតុលាពាណិជ្ជកម្មនេះ ​នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគបរទេសមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀត ប្រកបដោយទំនុកចិត្តកាន់តែខ្ពស់។

​សូមរំលឹកថា ​កាលពីឆ្នាំ២០២១ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចបង្កើតគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម តាមរយៈលិខិតលេខ ០៣ កយ.សសរ/២១ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។ គណៈកម្មការនេះដឹកនាំដោយលោក ជីវ សុងហាក់ មានតួនាទី​ រៀបចំរាល់លិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្មនៅតាមសាលាជម្រះក្តីជាន់ទាប និងសភាពាណិជ្ជកម្មរបស់សាលាជម្រះក្តីជាន់ខ្ពស់, សិក្សា និងការរៀបចំទីតាំងសម្រាប់តុលាការពាណិជ្ជកម្ម, ការរៀបចំបទប្បញ្ញត្តិស្តីពីនីតិវិធីពាណិជ្ជកម្ម និងកំណត់ប្រភេទវិវាទពាណិជ្ជកម្ម៕