FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការ​ជួញដូរ​មូលបត្រ និងឧបករណ៍និស្សន្ទនៅកម្ពុជា មានតម្លៃជាង៣០០លានដុល្លារ ក្នុងឆ្នាំ២០២៥

17-03-2026 16:45

(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា(ន.ម.ក.) បានវាយតម្លៃ ទីផ្សារមូលបត្រនៅកម្ពុជាមានកំណើនជាលំដាប់ក្នុងឆ្នាំ២០២៥ និងបានបង្ហាញអំពីសក្តានុពល និង ភាពធន់នៃទីផ្សារ ដោយការ​ជួញដូរ​មូលបត្រក្នុងឆ្នាំ២០២៥ មានតម្លៃជាង២៣លានដុល្លារ ខណៈការជួញដូរ ឧបករណ៍និស្សន្ទ​វិញ មានតម្លៃជិត៣០០លានដុល្លារ ក្នុងឆ្នាំ២០២៥។

និយ័តករមូលបត្រកម្ពុជា បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ទីផ្សារមូលបត្រកម្ពុជា មានមូលធនូបនីយកម្មទីផ្សារ (Market Capitalization) ប្រមាណ ២,៩១ ពាន់លានដុល្លារអាម៉េរិក, សន្ទស្សន៍ទីផ្សារ ៤២៣,០៦ ពិន្ទុ។ ចំពោះ តម្លៃជួញដូរសរុបមានប្រមាណ ២៣,០៩ លានដុល្លារអាម៉េរិក និងទំហំជួញដូរជាមធ្យមប្រចាំថ្ងៃប្រមាណ ១០៨.៥៩៥ ដុល្លារអាម៉េរិក។

និយ័តករមូលបត្រកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ក្រុមហ៊ុនចំនួន៤បានចុះបញ្ជីបន្ថែម ក្នុងនោះ មានក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិចំនួន១ និងក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុលចំនួន៣ រួមមាន​ សញ្ញាបណ្ណ បន្ទាប់បន្សំចំនួន ១, សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងចំនួន ១ និងសញ្ញាបណ្ណមានបុគ្គលធានាចំនួន ១។ ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០២៥ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក៏បានផ្តល់លេខអត្តសញ្ញាណ វិនិយោគិនចំនួន ១៣.១៥៧ផងដែរ។

ដោយឡែកការជួញដូរឧបករណ៍និស្សន្ទក្នុងឆ្នាំ២០២៥ មានតម្លៃ​ ២៨៦,២៣ លានដុល្លារអាម៉េរិក និងមានទំហំជួញដូរសរុប ចំនួន ២១៥.៩៨២ ឯកតាជួញដូរ។ ជាមួយគ្នានេះ នៅក្នុងឆ្នាំ២០២៥ ន.ម.ក. ក៏បានសហការជាមួយសាជីវកម្មហិរញ្ញវត្ថុ អន្តរជាតិ (IFC) ដើម្បីរៀបចំក្របខ័ណ្ឌបទប្បញ្ញត្តិអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ននៅកម្ពុជា ដែលជាចំណុចចាប់ផ្តើមថ្មី មួយទៀត ក្នុងការបង្កើតឧបករណ៍គ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព។

​ក្នុងឆ្នាំ២០២៥និយ័តករមូលបត្រកម្ពុជា បានផ្តល់ការអនុញ្ញាតដល់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិចំនួន១ ដែលបានចុះបញ្ជីលើទីផ្សារកំណើន និងក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុលចំនួន៣ ដែលក្នុងនោះក្រុមហ៊ុន ចំនួន ១ បានបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតង ដែលស្របតាមគោលការណ៍សមាគមទីផ្សារមូលធន អន្តរជាតិ (ICMA) និងស្តង់ដារសញ្ញាបណ្ណបៃតងអាស៊ាន។ ជាមួយគ្នានេះ ក្រុមហ៊ុនចំនួន២ បានបោះផ្សាយលក់ មូលបត្របំណុលជាឯកជន ដែលប្រមូលបានសាច់ប្រាក់ពីទីផ្សារសរុបចំនួន ២២០ លានដុល្លារអាម៉េរិក។ ជារួម តាមរយៈយន្តការទីផ្សារមូលបត្រ ក្រុមហ៊ុនបានប្រមូលសាច់ប្រាក់ពីទីផ្សារសរុបចំនួន ៤៨៥,០៥ លានដុល្លារអាម៉េរិក ដោយរួមបញ្ចូលទាំងការបោះផ្សាយលក់មូលបត្របំណុលជាឯកជន។ ទិន្នន័យនេះមានកំណើនខ្ពស់ បើធៀបនឹងឆ្នាំ២០២៤ ដែលឆ្លុះបញ្ចាំងនូវការត្រៀមខ្លួនរួចរាល់របស់ក្រុមហ៊ុនចុះបញ្ជី និងចំណាប់អារម្មណ៍កាន់ច្រើនរបស់ក្រុមហ៊ុន និងវិនិយោ គិនមកលើទីផ្សារមូលបត្រកម្ពុជា។

គិតត្រឹមដំណាច់ឆ្នាំ២០២៥ ក្រុមហ៊ុនចំនួន ២៦ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា និងបានប្រមូលសាច់ប្រាក់សរុបពីទីផ្សារចំនួន ៦៥១,៥៥ លានដុល្លារអាម៉េរិក។

ដើម្បីជំរុញការធ្វើហិរញ្ញប្បទាន​ ពិពិធកម្ម និងនវានុវត្តន៍នៃផលិតផលវិនិយោគ ក៏ដូចជាពង្រីកមូលដ្ឋានវិនិយោគិន ន.ម.ក. បានដាក់ចេញនូវក្របខ័ណ្ឌបទប្បញ្ញត្តិ ដើម្បីដាក់ឱ្យដំណើរការនូវសេវា និងផលិតផលថ្មីៗ រួមមាន​ ការបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ក្រុមហ៊ុនហូលឌីង, សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ, មូលបត្របំណុលជាឯកជន និងអាជីវកម្មទ្រព្យឌីជីថល។

និយ័តករមូលបត្រកម្ពុជា បានវាយតម្លៃពីស្ថានភាពវិស័យមូលបត្រក្នុងឆ្នាំ២០២៥ យ៉ាងដូច្នេះថា ​ទីផ្សារមូលបត្រនៅកម្ពុជាមានកំណើនជាលំដាប់ក្នុងឆ្នាំ២០២៥ និងបានបង្ហាញអំពីសក្តានុពល និង ភាពធន់នៃទីផ្សារ តាមរយៈកំណើននៃក្រុមហ៊ុនចុះបញ្ជីពីវិស័យផ្សេងៗគ្នា និងការចូលរួមកាន់តែច្រើនរបស់វិនិយោគិន បើទោះបីជាមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសាកល និងជម្លោះព្រំដែន។ បន្ថែមពីនេះ តាមរយៈការចូលរួម អនុវត្ត យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រ ២០២៥-២០៣៥ ពីគ្រប់ភាគីពាក់ព័ន្ធ នឹងធ្វើឱ្យវិស័យនេះកាន់តែមានសន្ទុះ ដែលបាន និងកំពុងបោះជំហានស្របតាមនិន្នាការក្នុងតំបន់ និងសាកល តាមរយៈការពង្រឹងក្របខ័ណ្ឌនិយ័តកម្ម, ការកែលម្អហេដ្ឋារចនាសម្ព័ន្ធទីផ្សារ, ការធ្វើឌីជីថលូបនីយកម្ម, ការបង្កើនភាពប្រកួតប្រជែង និងពង្រឹងកិច្ចសហប្រតិ បត្តិការក្នុងតំបន់ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងកសាងសមត្ថភាពជាបន្តបន្ទាប់ដើម្បីពង្រឹងស្ថិរភាពទីផ្សារ និងទំនុកចិត្ត វិនិយោគិនទាំងក្នុងនិងក្រៅប្រទេស​៕