FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាគ្រោងរៀបចំកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០២៦ នៅចុងឆ្នាំនេះ ជាមួយវេទិកាប្រចាំតំបន់នៅអាស៊ីអាគ្នេយ៍

13-03-2026 09:36

(ភ្នំពេញ)៖ កម្ពុជា គ្រោងរៀបចំកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០២៦ នៅខែតុលា ឆ្នាំ ២០២៦ ខាងមុខនេះ ដើម្បីផ្តល់នូវសក្ខីកម្មនៃការទទួលស្គាល់ចំពោះបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ គម្រោងអចលនទ្រព្យ និងអ្នកជំនាញឆ្នើម ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងអនាគតនៃវិស័យអចលនទ្រព្យនៅកម្ពុជា ស្របពេលដែលវិស័យនេះកំពុងមានការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័ស។

នេះជាឆ្នាំទី៦ហើយ ដែលក្រុមហ៊ុន Realestate.com.kh ប្រកាសរៀបចំកម្មវិធី ពានរង្វាន់អចលនទ្រព្យកម្ពុជានេះឡើងរួមជាមួយកម្មវិធីពិសាភោជនាហារពេលល្ងាច។ កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាធ្វើឡើងក្នុងគោលបំណងទទួលស្គាល់នូវសមិទ្ធផលនៅទូទាំងវិស័យអចលនទ្រព្យក្នុងប្រទេស ដោយការបើកទទួលការចុះឈ្មោះចូលរួមពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍ ស្ថាបត្យករ ភ្នាក់ងារអចលនទ្រព្យ និងអ្នកជំនាញក្នុងវិស័យនេះ ដែលបានផ្តល់ជូននូវសមិទ្ធផលជាច្រើនប្រកបដោយគុណភាពខ្ពស់ និងចូលរួមអភិវឌ្ឍទីផ្សារឱ្យកាន់តែប្រសើរឡើងផងដែរ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ កម្មវិធីពានរង្វាន់នេះបានសាទរទៅដល់ក្រុមហ៊ុន និងគម្រោងអភិវឌ្ឍន៍ជាច្រើននៅក្នុងប្រទេស ដែលក្នុងនោះអតីតម្ចាស់ជ័យលាភីរួមមានអ្នកអភិវឌ្ឍន៍គម្រោងធំៗដូចជា៖ Time Square Cambodia, OCIC, និង Le Condé ជាដើម។

បើតាមការប្រកាសរបស់ Realestate.com.kh នៅថ្ងៃទី១២ ខែមីនាឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ឆ្នាំនេះ គឺជាការឈានជើងចូលទៅក្នុងដំណាក់កាលថ្មីដ៏សំខាន់បំផុតមួយ ដោយកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា នឹងត្រូវបានដាក់បញ្ចូលជាផ្នែកមួយនៃ វេទិកាពានរង្វាន់អចលនទ្រព្យប្រចាំអាស៊ីអាគ្នេយ៍ (Southeast Asia Real Estate Awards platform) ដែលដឹកនាំដោយក្រុមហ៊ុនឈានមុខគេក្នុងតំបន់គឺ Dot Property និង Lamudi ដែលជាការរួមបញ្ចូលគ្នានូវកម្មវិធីពានរង្វាន់អចលនទ្រព្យលេចធ្លោបំផុតនៅក្នុងតំបន់។

តាមរយៈការចូលរួមជាមួយវេទិកាពានរង្វាន់អចលនទ្រព្យអាស៊ីអាគ្នេយ៍នេះ កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាបានបោះជំហានយ៉ាងសំខាន់ទៅកាន់ឆាកក្នុងតំបន់។ ការផ្លាស់ប្តូរនេះតំណាងឱ្យសមិទ្ធផលដ៏អស្ចារ្យសម្រាប់វិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា ក្នុងការជួយពង្រីកសក្ដានុពល និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ព្រមទាំងគម្រោងក្នុងស្រុកឱ្យកាន់តែល្បីល្បាញ ព្រមទាំងផ្តល់ឱកាសឱ្យម្ចាស់ជ័យលាភីទទួលបានការផ្សព្វផ្សាយ និងការទទួលស្គាល់កាន់តែទូលំទូលាយនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

ម្ចាស់ជ័យលាភីថ្នាក់ជាតិពីកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា នឹងបន្តទៅចូលរួមប្រកួតប្រជែងនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់អចលនទ្រព្យអាស៊ីអាគ្នេយ៍ (Southeast Asia Real Estate Awards Grand Final) ដែលជាកម្មវិធីដែលក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោងឆ្នើមៗមកពីទូទាំងតំបន់នឹងចូលរួម។ការរួមបញ្ចូលមួយនេះគឺជាផ្លូវដើរដ៏សំខាន់មួយសម្រាប់វិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា។ ជាក់ស្តែង ក្រុមហ៊ុន Megakim World Corp ដែលជាម្ចាស់អភិវឌ្ឍន៍គម្រោងខុនដូ Time Square បានឈ្នះពានរង្វាន់ «ក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូល្អបំផុតដែលមានតម្លៃសមរម្យប្រចាំឆ្នាំ ២០២៥» នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីអាគ្នេយ៍ ដោយបានយកឈ្នះលើក្រុមហ៊ុនអភិវឌ្ឍន៍មកពីទីផ្សារធំៗក្នុងតំបន់ រួមមានប្រទេសថៃ វៀតណាម និងហ្វីលីពីនផងដែរ។

សមិទ្ធផលនេះបានបង្ហាញថា កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា គឺជាចំណុចដ៏សំខាន់មួយក្នុងការជម្រុញអោយក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុក កាន់តែទទួលបានការទទួលស្គាល់នៅលើឆាកអាស៊ីអាគ្នេយ៍ឱ្យកាន់តែទូលំទូលាយ។

ក្រុមហ៊ុន Dot Property និង Lamudi ប្រតិបត្តិការរួមគ្នាក្រោមឈ្មោះ SEA Connect ដែលជាប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាអចលនទ្រព្យ (Proptech) ធំជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាវេទិកាអចលនទ្រព្យឌីជីថលដែលមានឥទ្ធិពលផងដែរ។

នៅក្នុងទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុន Realestate.com.kh គឺជាតំណាងដ៏សំខាន់របស់សម័្ពន្ធក្រុមហ៊ុននេះ ក្នុងបេសកកម្មផ្សារភ្ជាប់ក្រុមហ៊ុនអភិវឌ្ឍន៍ ទៅកាន់ទាំងអតិថិជន និងអ្នកវិនិយោគនៅក្នុងស្រុក និងអន្តរជាតិ ដែលកំពុងស្វែងរកឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យ។

នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ វេទិកានានារបស់សម័្ពន្ធ SEA Connect បានទាក់ទាញអ្នកស្វែងរកអចលនទ្រព្យជាង ១០០ លាននាក់ក្នុងមួយឆ្នាំៗ និងទទួលបានការសាកសួរព័ត៌មានពីសំណាក់អ្នកទិញ និងអ្នកវិនិយោគសកម្មជាង ២ លានដងជារៀងរាល់ឆ្នាំ។

សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍វិញ ការឈ្នះពានរង្វាន់នេះ គឺជាឱកាសដ៏ល្អមួយក្នុងការផ្សព្វផ្សាយគម្រោងរបស់ខ្លួន ឱ្យកាន់តែមានភាពល្បីល្បាញទៅកាន់អតិថិជន និងអ្នកវិនិយោគទាំងក្នុងប្រទេស និងក្នុងតំបន់។

លោក Tom O’Sullivan នាយកប្រតិបត្តិរនៃក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា កម្មវិធីនេះផ្តល់នូវវេទិកាដ៏សំខាន់មួយក្នុងការទទួលស្គាល់នូវសមិទ្ធផលនានារបស់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។

លោកបន្តថា «វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបានបន្តវិវត្តយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយក្រុមហ៊ុនអភិវឌ្ឍន៍បានដាក់ចេញនូវគម្រោងលំនៅឋាន និងពាណិជ្ជកម្មជាច្រើន ប្រកបដោយនវានុវត្តន៍ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តសក្តានុពលនានា។ តាមរយៈកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា។ក្រុមហ៊ុនយើងមានមោទនភាពក្នុងការផ្តល់ការទទួលស្គាល់ទៅដល់ក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោងជាច្រើនដែលកំពុងតែកំណត់ទិសដៅអនាគតនៃទីផ្សារអចលនទ្រព្យកម្ពុជា ព្រមទាំងផ្សារភ្ជាប់ពួកគេទៅកាន់វេទិកាពានរង្វាន់អចលនទ្រព្យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ»

កម្មវិធីឆ្នាំ២០២៦ នេះបានណែនាំនូវក្របខណ្ឌវាយតម្លៃដែលកាន់តែមានតម្លាភាពជាងមុនទៅទៀត ដើម្បីធានាថាការផ្តល់ការទទួលស្គាល់នេះ ពិតជាឆ្លុះបញ្ចាំងពីសមិទ្ធផលពិតប្រាកដនៅក្នុងវិស័យ។

រាល់បេក្ខភាពដែលដាក់ពាក្យ នឹងត្រូវវាយតម្លៃតាមរយៈដំណើរការកាត់សេចក្តីដែលមានរចនាសម្ព័ន្ធ ការរួមបញ្ចូលគ្នារវាងជំនាញបច្ចេកទេស និងលក្ខណៈវិនិច្ឆ័យវាយតម្លៃយ៉ាងច្បាស់លាស់ ព្រមទាំងមានការគាំទ្រពីទីប្រឹក្សាពានរង្វាន់ដែលមានបទពិសោធន៍ និងអ្នកជំនាញក្នុងវិស័យនេះច្បាស់លាស់ផងដែរ៕