និយ័តករមូលបត្រកម្ពុជា និងគណៈកម្មការមូលបត្រហ្វីលីពីន បើកកិច្ចប្រជុំទ្វេភាគីលើកទី១ និងចែករំលែកចំណេះដឹងគ្នា
12-03-2026 15:41
(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងគណៈប្រតិភូគណៈកម្មការមូលបត្រហ្វីលីពីន (SEC) បានរៀបចំកិច្ចប្រជុំទ្វេភាគីលើកទី១ និងសិក្ខាសាលាចែករំលែកចំណេះដឹង ក្រោមអធិបតីភាពលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ ន.ម.ក. និងលោក Francisco Ed. Lim ប្រធាន នៃ SEC នៅខេត្តសៀមរាប នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។
កិច្ចប្រជុំទ្វេភាគី និងសិក្ខាសាលាចែករំលែកចំណេះដឹងនេះ មានគោលបំណងជំរុញ ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាង ន.ម.ក. និង SEC ស្តីពី «ការផ្លាស់ប្តូរព័ត៌មាន និងការជួយគ្នាទៅវិញទៅមក» ដែលបានចុះកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងចែករំលែក និងផ្លាស់ប្ដូរព័ត៌មាន ពីស្ថានភាពបច្ចុប្បន្ន នៃការអភិវឌ្ឍទីផ្សារមូលបត្រ ការត្រួតពិនិត្យ និងទស្សនវិស័យ នៃការអភិវឌ្ឍវិស័យមូលបត្ររបស់ប្រទេសទាំងពីរ។
ចំពោះផ្នែកផ្សេងទៀត ដូចជាប្រតិបត្តិការក្នុងការអនុវត្តច្បាប់ និងការស៊ើបអង្កេត ការទំនាក់ទំនងលើករណីជាក់លាក់ ដែលផ្តល់អត្ថប្រយោជន៍ដល់កិច្ចការការពារវិនិយោគិន នៅក្នុងប្រទេសទាំងពីរ និងការកសាងសមត្ថភាពលើផ្នែកនានា ដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់និយ័តករទាំងពីរ ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។
បន្ថែមពីនេះ នៅក្នុងកិច្ចប្រជុំខាងលើ ក៏មានការធ្វើបទបង្ហាញ និងការចែករំលែកបទពិសោធ ស្តីពី ការអភិវឌ្ឍទីផ្សារមូលបត្រ, អភិបាលកិច្ចសាជីវកម្ម, ទ្រព្យឌីជីថល, ហិរញ្ញវត្ថុប្រកបដោយចីរភាព, ការពង្រឹងការអនុវត្តច្បាប់ និងកិច្ចគាំពារវិនិយោគិន, កម្មវិធីអក្ខរកម្មហិរញ្ញវត្ថុ និងកាលានុវត្តភាពនៃកិច្ចសហការក្នុងវិស័យឯកជន ដើម្បីពិនិត្យលទ្ធភាពនៃការបង្កើតកិច្ចសហប្រតិបត្តិការរវាងសមាគមក្រុមហ៊ុនមូលបត្រកម្ពុជា ជាមួយនឹងភាគីហ្វីលីពីន។
នៅក្នុងកិច្ចប្រជុំនេះ លោកប្រតិភូ បានថ្លែងថា «ភាពជាដៃគូរបស់យើងឆ្លុះបញ្ចាំងពីកិច្ច-សហប្រតិបត្តិការជាច្រើន ព្រមទាំងវឌ្ឍនភាពដែលប្រកបដោយអត្ថន័យ។ តាមរយៈការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធ យើងកំពុងតែពង្រឹងទំនុកចិត្តនៅក្នុងទីផ្សារមូលបត្ររបស់យើង និងបង្កើនប្រសិទ្ធភាពនៃការធ្វើនិយ័តកម្ម»។
លោកបន្ដថា «នៅក្នុងយុគសម័យនៃនវានុវត្តន៍ហិរញ្ញវត្ថុ និងកំណើននៃការផ្តោតការយកចិត្តទុកដាក់ទៅលើហិរញ្ញវត្ថុប្រកបដោយចីរភាពកិច្ចសហការរបស់យើង បានបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែង រួមគ្នានៅក្នុងការជំរុញទីផ្សារមូលបត្រឱ្យមានការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងភាពធន់»។
បន្ថែមពីនេះ លោក Francisco Lim ក៏បានលើកឡើងថា កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន មិនត្រឹមតែបានបង្កើតនូវបែបបទរួមគ្នាប៉ុណ្ណោះទេ តែក៏បានបង្កើតនូវកិច្ចសហការ ក្នុងចំណោមប្រជាជាតិចម្រុះដែលប្តេជ្ញាចិត្តចំពោះគោលការណ៍រួមដូចជា៖ កិច្ចការពារវិនិយោគិន, សុចរិតភាពទីផ្សារ និងនវានុវត្តន៍ដែលប្រកបដោយទំនួលខុសត្រូវ។ នៅពេលដែលនិយ័តករសហការគ្នា ទីផ្សាររបស់យើងកាន់តែរឹងមាំ វិនិយោគិនកាន់តែមានទំនុកចិត្ត ហើយតំបន់របស់យើងក៏កាន់តែមានភាពធន់។
កម្មវិធីខាងលើ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ នៃ ន.ម.ក., SEC ព្រមទាំងសមាគមក្រុមហ៊ុនមូលបត្រកម្ពុជា ក្នុងស្មារតីប្ដេជ្ញារឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងការជួយគ្នាទៅវិញទៅមក ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្ត MoU រវាងស្ថាប័នទាំងពីរ៕










