FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកទឹកចិត្តអ្នកផលិត ឈ្វេងយល់ពីអនុលោមភាពភូតគាមអនាម័យ ដើម្បី​ទាក់ទាញអ្នកបញ្ជាទិញធំៗ នៅលើទីផ្សារអន្តរជាតិ និង​បញ្ចៀសការបដិសេធទំនិញ (Video inside)

12-03-2026 15:00

(ភ្នំពេញ)៖ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបានទឹកចិត្តដល់ម្ចាស់អាជីវកម្មនៅកម្ពុជា ឈ្វេងយល់ពីអនុលោមភាពភូតគាមអនាម័យ ដើម្បីជួយឱ្យម្ចាស់អាជីវកម្ម និងសហគ្រិន​ ចេះរៀបចំខ្សែច្រវ៉ាក់ផលិតកម្មឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសការបដិសេធទំនិញ ឬការបំផ្លាញចោលនៅមាត់ច្រកព្រំដែន ដែលនាំឱ្យខាតបង់ថវិកា និងខូចកេរ្តិ៍ ឈ្មោះអាជីវកម្ម។

ថ្លែងក្នុងសិក្ខាសាលាស្តីពី «អនុលោមភាពភូតគាមអនាម័យ និងវិញ្ញាបនបត បញ្ជាក់ប្រភពដើមទំនិញសម្រាប់ការនាំចេញ​» នាទី១១ ខែមីនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ​ឧកញ៉ា លឹម សុជាតិ បានលើកឡើងថា ក្នុងបរិបទនៃសេដ្ឋកិច្ចសកលភាវូបនីយកម្ម ការនាំចេញផលិតផលកសិកម្ម និងផលិតផលផ្សេងៗទៀត មិនមែនត្រឹមតែជាការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបំពេញនូវ «លក្ខខណ្ឌបច្ចេកទេស និងបទដ្ឋានគតិយុត្ត» ដែលកំណត់ដោយ ប្រទេសអ្នកទិញ​ ខណៈប្រទេសនាំចូលមួយចំនួនបាននឹងកំពុងរឹតបន្តឹងខ្លាំងលើស្ដង់ដារសុវត្ថិភាព។

លោកបានលើកឡើងថា ការផលិតដោយអនុលោមភាពភូតគាមអនាម័យ គឺការកសាងទំនុកចិត្ត និងកេរ្តិ៍ឈ្មោះផលិតផលជាតិ ពោលគឺការអនុវត្តតាមអនុលោមភាព ទាំងនេះ គឺជាសក្ខីភាពបញ្ជាក់ថា ផលិតផលខ្មែរជាផលិតផលដែលមានប្រភពច្បាស់លាស់ និងមានសុវត្ថិភាពខ្ពស់ ជួយកសាងទំនុកចិត្តដល់អ្នកបញ្ជាទិញធំៗនៅក្រៅប្រទេស។ ជាមួយគ្នានេះ ក៏ទាញយកអត្ថប្រយោជន៍អតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ​ដែលកម្ពុជាកំពុងមាន ដូចជា កិច្ចព្រមព្រៀងជាច្រើនដូចជា RCEP , CCFTA និង CKFTA។

«លោកបន្តថាប្រសិនបើសហគ្រិនមិនយល់ ច្បាស់ពីវិធានដើមកំណើតទំនិញទេនោះ យើងមិនអាចប្រើប្រាស់សិទ្ធិអនុគ្រោះពន្ធបានឡើយ ដែលធ្វើឱ្យតម្លៃទំនិញរបស់យើងខ្ពស់ជាងគូប្រជែង និងបាត់បង់ឱកាសលក់នៅលើទីផ្សារ។ យើងកុំរអ៊ូថា ហេតុអ្វីបានជាប្រទេសគេមិនទិញយើង ប្រទេសមួយណាក៏ត្រូវការពារសុខុមាលភាពប្រជាជនគេដែរ គេមិនអាចឱ្យយើងយកមេរោគទៅចាកចោលប្រទេសនោះទេ»

ទន្ទឹមគ្នានេះ ឧកញ៉ា ងួ​ន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា​ បានលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្ម និងសហគ្រិនទាំងអស់អនុវត្តន៍នូវចំណុចសំខាន់ៗ ​ដូចជា៖

ទី១. ចំពោះការអនុវត្តតាមបទដ្ឋានជាប្រព័ន្ធ​ សូមកុំរង់ចាំដល់ពេលជិតនាំចេញទើបចាប់ផ្តើម គិតគូរពីភូតគាមអនាម័យ។ដូច្នេះត្រូវរៀបចំប្រព័ន្ធគ្រប់គ្រង ចាប់តាំងពីការជ្រើសរើសពូជ ការដាំដុះ ការប្រមូលផល រហូតដល់ការវេចខ្ចប់ ឱ្យស្របតាមស្តង់ដារបច្ចេកទេសជាប្រចាំ ដើម្បីធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់។

ទី២. ការត្រៀមលក្ខណៈ និងឯកសារ៖ មុននឹងសម្រេចចិត្តនាំចេញទៅកាន់ទីផ្សារណាមួយ ត្រូវសិក្សាឱ្យបានច្បាស់លាស់នូវ «តម្រូវការជាក់លាក់» នៃប្រទេសនោះ។ ការយល់ដឹង ពីនីតិវិធីស្នើសុំវិញ្ញាបនបត្រ C/O តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម នឹងជួយកាត់បន្ថយពេលវេលា និង បង្កើនភាពជឿជាក់ដល់អ្នកបញ្ជាទិញ។

ទី៣. ការពង្រឹងគុណភាព និងម៉ាកសញ្ញា៖ ផលិតផលដែលទទួលបានវិញ្ញាបនបត បញ្ជាក់ប្រភពដើម និងភូតគាមអនាម័យត្រឹមត្រូវ គឺជាផលិតផលដែលមាន «អត្តសញ្ញាណ ខ្ពស់»។ ដូច្នេះសូមម្ចាស់អាជីវកម្មទាំងអស់ ប្រើប្រាស់លក្ខខណ្ឌទាំងនេះ ដើម្បីកសាងម៉ាកសញ្ញ (Branding) របស់ខ្លួនឱ្យរឹងមាំ និងទទួលបានគុណតម្លៃខ្ពស់​៕