រដ្ឋមន្ដ្រីពាណិជ្ជកម្ម៖ ក្រសួងនឹងចុះត្រួតពិនិត្យស្ថានីយលក់ប្រេងជិត ២,០០០កន្លែង ដែលបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក ប៉ុន្ដែសង្ស័យរក្សាស្តុកទុក ដើម្បីលក់ពេលឡើងថ្លៃខ្លាំង
12-03-2026 14:53
(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលជាក្រុមអន្តរក្រសួង សម្រាប់កំណត់រូបមន្ត កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា បានឱ្យដឹងថា ក្រុមជំនាញចម្រុះអន្តរក្រសួង នឹងចុះត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែងចំពោះស្ថានីយប្រេងឥន្ធនៈ ដែលបានបិទអាជីវកម្ម ក្រោយហេតុផលស្តុកផ្គត់ផ្គង់ ក្នុងប្រតិបត្តិការអាជីវកម្ម។
ការដាក់មន្ត្រីជំនាញចុះពិនិត្យនេះ បន្ទាប់ពីមានស្ថានីយប្រតិបត្តិការលក់រាយប្រេងឥន្ធនៈ ជិត២,០០០កន្លែង បានបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក។
ការថ្លែងបែបនេះ ក្នុងបទអន្តរាគមន៍ ក្នុងសិក្ខាសាលាស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រ អភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» ដែលរៀបចំឡើង ដោយរដ្ឋសភា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។
លោកស្រី ចម និម្មល បានឱ្យដឹងថា នៅទូទាំងប្រទេសកម្ពុជា មានស្ថានីយប្រេងឥន្ធនៈ ប្រតិបត្តិការអាជីវកម្មជាង៦,៣០០កន្លែង ប៉ុន្តែគិតត្រឹមយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ មានស្ថានីយ៍ដេប៉ូ និងអនុស្ថានីយ៍ប្រតិបត្តិការ លក់រាយប្រេងឥន្ធនៈជិត២,០០០កន្លែង បានបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក។
លោកស្រី ចម និម្មល បានបញ្ជាក់ថា ក្នុងចំណោមស្ថានីយ៍ដែលបានបិទទ្វារនេះ ត្រូវបានសង្ស័យថា ម្ចាស់ស្ថានីយ៍រក្សាស្តុកទុក ដើម្បីលក់នៅពេលឡើងថ្លៃខ្លាំង។
លោកស្រី បានថ្លែងថា «យើងមានមន្ត្រីជំនាញចុះត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែង។ ក្នុងករណីរកឃើញមានប្រេងឥន្ធនៈស្តុកទុក មិនបញ្ចេញលក់ឱ្យប្រជាពលរដ្ឋ នឹងរងការពិន័យ និងបិទអាជ្ញាប័ណ្ណ អាជីវកម្មទាំងស្រុង។ ប៉ុន្តែបើក្នុងករណីរកឃើញអស់ស្តុកមែន រដ្ឋនឹងអន្តរាគមន៍ជាមួយវិស័យឯកជន ដែលនាំចូលប្រេងឥន្ធនៈ ដើម្បីផ្គត់ផ្គង់លើប្រតិបត្តិការអាជីវកម្ម»។
បើតាមការបង្ហើបរបស់លោកស្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, តម្លៃប្រេងឥន្ធនៈ ក្នុងប៉ុន្មានថ្ងៃខាងមុខទៀតនេះ នឹងមានការធ្លាក់ឡើងវិញ បន្ទាប់ពីមានសញ្ញាណល្អ នៃតម្លៃលក់រាយនៅម៉ោងទៀបភ្លឺថ្ងៃទី១២ ខែមីនានេះ។
សូមបញ្ជាក់ថា ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ប្រេងឥន្ធនៈ, រដ្ឋបានចរចាជាមួយ នឹងក្រុមហ៊ុនដែលនាំចូលប្រេង ដើម្បីរក្សាស្ថិរភាពតម្លៃ ឱ្យកុំហក់ឡើងខ្ពស់ពេក។
ដោយនៅក្នុងនោះ ឱ្យតែតម្លៃប្រេងឡើងលើសពី៩០ដុល្លារអាម៉េរិក ក្នុងមួយបារ៉ែល គឺរដ្ឋជួយចេញខាត៦.៥សេនដុល្លារ ក្នុងមួយលីត្រ ចំណែកក្រុមហ៊ុននាំចូលរួមខាត១សេនដុល្លារ ក្នុងមួយលីត្រ។
យោងលើការព្រមព្រៀង លើរូបមន្តកំណត់តម្លៃរវាងអន្តរក្រសួង ជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ ដែលប្រកបអាជីវកម្មនៅកម្ពុជា គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ តម្លៃប្រេងសាំងធម្មតា ត្រូវលក់តម្លៃ៥,២០០រៀល ក្នុងមួយលីត្រ។ សម្រាប់ប្រេងម៉ាស៊ូត៦,០៥០រៀលក្នុងមួយលីត្រ៕









