FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយករង ARDB: ការអនុលោមតាមច្បាប់ភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ មិនមែនគ្រាន់តែបំពេញតាមច្បាប់នោះទេ តែជាការកសាងទំនុកចិត្ត និងកេរ្តិ៍ឈ្មោះកម្ពុជា លើឆាកអន្តរជាតិ

11-03-2026 15:26

(ភ្នំពេញ)៖ ថ្លែងទៅបណ្តាសហគ្រិននានា លោក ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានគូសបញ្ជាក់ថាការអនុលោមតាមច្បាប់ភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់ការនាំចេញ មិនមែនគ្រាន់តែជាការបំពេញតាម លក្ខខណ្ឌច្បាប់នោះទេ ប៉ុន្តែវាគឺជាការកសាងទំនុកចិត្ត ដែលជាគ្រឹះនៃចីរភាព និងការរីកចម្រើននៃកសិធុរកិច្ចកម្ពុជានៅលើឆាកអន្តរជាតិ។

លោក ចាន់ សីហា គូសបញ្ជាក់បែបនេះ ធ្វើឡើង សិក្ខាសាលាស្តីពី «អនុលោមភាពភូតគាមអនាម័យ និងវិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញសម្រាប់ការនាំចេញ» នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ។

លោកបានលើកឡើងថា ការពង្រឹងយន្តការអនុលោមភាព មិនមែនគ្រាន់តែជាកាតព្វកិច្ចផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការចាក់គ្រឹះសម្រាប់អនាគតនៃវិស័យនាំចេញ របស់កម្ពុជា។ ហើយការអនុវត្តច្បាប់ភូតគាមអនាម័យ និងការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើម ទំនិញ គឺជាគន្លឹះដ៏សំខាន់ក្នុងការដោះស្រាយរបាំងពាណិជ្ជកម្ម និងកសាងទំនុកចិត្តជាមួយដៃគូ ពាណិជ្ជកម្មអន្តរជាតិ។

លោកបានលើកឡើងថា «ការបញ្ជាក់ឱ្យច្បាស់ថាផលិតផលរបស់យើងមានសុវត្ថិភាព និងមានប្រភពដើមត្រឹមត្រូវពីកម្ពុជា យើងមិនត្រឹមតែការពារផលប្រយោជន៍ជាតិប៉ុណ្ណោះទេ ប៉ុន្តថែមទាំងធានាបាននូវភាពប្រកួតប្រជែងប្រកបដោយចីរភាព និងការទទួលបាននូវភាពអនុគ្រោះ ពន្ធនៅក្នុងទីផ្សារសកល»

លោកបានលើកឡើងថា ការធានាបាននូវអនុលោមភាពភូតគាមអនាម័យក្នុងវិស័យកសិកម្ម ទាមទារឱ្យមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្ម ដូចជា អ្នកផលិត, អ្នកកែច្នៃ, អ្នកនាំចេញ, អ្នកផ្តល់សេវាដឹកជញ្ជូន, និងស្ថាប័នមានសមត្ថកិច្ច តាមរយៈការពង្រឹងនូវប្រព័ន្ធគ្រប់គ្រងសត្វល្អិត, ការពង្រឹងគុណភាពកសិផលក្រោយប្រមូលផល, ការវិនិយោគលើមន្ទីរពិសោធ គុណភាព, និងការជំរុញការអនុវត្តគោលការណ៍កសិកម្មល្អ ជាដើម។

ដើម្បីសម្រេចបាននូវអនាគតដ៏រឹងមាំ សម្រាប់វិស័យនាំចេញរបស់កម្ពុជា តាមរយៈការពង្រឹង នូវគុណភាពផលិតផល និងអនុលោមភាពភូតគាមអនាម័យស្ដង់ដារអន្តរជាតិ និងការចុះបញ្ជី បញ្ជាក់ប្រភពដើមទំនិញសម្រាប់ការនាំចេញ លោកបានផ្តល់នូវគន្លឹះពិចារណាមួយចំនួនដល់អ្នកពាក់ព័ន្ធ ពិសេសសហគ្រិនស្ថិតក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដែលតម្រូវឱ្យមានការចូលរួមពីគ្រប់ ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងកសិ-ឧស្សាហកម្មទាំងមូល ដែលរួមមាន៖

១- ម្ចាស់សហគ្រាស ក្រុមហ៊ុន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គួរផ្តោតលើការវិនិយោគ ផលិតកម្មកសិកម្មទំនើប និងប្រព័ន្ធធានាគុណភាពក្រោយប្រមូលផល តាមរយៈពង្រឹង ហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទីក ដូចជា ឃ្លាំងស្តុងកសិផលដែលមានស្តង់ដា ប្រព័ន្ធដឹក ជញ្ជូនដែលធានាគុណភាព ជាដើម ដើម្បីឆ្លើយតបទៅនឹងស្ដង់ដារអន្តរជាតិ
២- ជំរុញការកសាងសមត្ថភាពដល់ អ្នកផលិត, អ្នកកែច្នៃ, និងអ្នកនាំចេញ អំពីស្ដង់ដារ ភូតគាមអនាម័យជាតិ និងអន្តរជាតិ សំដៅបង្កើននូវទំនុកចិត្តលើផលិតផលកម្ពុជា
៣- ពង្រីកការវិនិយោគលើមន្ទីរពិសោធន៍គុណភាពចំណីអាហារ និងកសិផលកម្ពុជា
៤- ពង្រីកការវិនិយោគលើប្រព័ន្ធតាមដាន (Traceability System) សម្រាប់ខ្សែច្រវាក់ ផលិតកម្មកសិកម្មទាំងមូល (ផលិតកម្មដើមខ្សែ រហូតដល់ ផលិតកម្មចុងខ្សែ) ដើម្បី ធានាអំពីប្រភពនៃផលិតផលកសិកម្ម។

និង ៥- បន្តជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ស្តីពីអនុលោម- ភាពភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់ការនាំចេញ៕