FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យល់ដឹងពីជំនួញ៖ អគ្គនាយកដ្ឋានពន្ធដារ នឹងប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដើម្បី​ឱ្យអ្នកជាប់ពន្ធងាយស្រួល​បង់ពន្ធ ជំរុញការបង់ឱ្យមាន​តម្លាភាព និងជំនឿទុកចិត្ត (Video inside)

08-03-2026 07:48

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា នៅពេលខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារនឹងព្យាយាមប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ក្នុងការគ្រប់គ្រងពន្ធដារនៅកម្ពុជា ដែលនឹងជួយឱ្យអ្នកពន្ធងាយស្រួលអនុលោមភាព និងបង់ពន្ធ។

ថ្លែងក្នុងវេទិកាពិភាក្សាក្រោមប្រធានបទ ស្តីពីនវានុវត្តន៍ និងប្រព័ន្ធអេកូឡូស៊ីសមាហរណកម្ម នៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោកស្រី ប៊ុន នារី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៍ថា ការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) សម្រាប់រដ្ឋបាលសារពើពន្ធ​ នឹងបង្កើនសមត្ថភាព ប្រសិទ្ធភាព តម្លាភាព និងភាពជឿទុកចិត្តបាន សម្រាប់ការបង់ពន្ធនៅកម្ពុជា​ ខណៈនៅលើពិភពលោក ប្រទេសនានាកំពុងជំរុញការប្រើប្រាស់ AI សម្រាប់ការគ្រប់គ្រងពន្ធដារផងដែរ។

លោកបានបន្ថែមថា ដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នកបង់ពន្ធអនុលោមភាព អគ្គនាយកដ្ឋានពន្ធដារ ​បានធ្វើកំណែទម្រង់ជាច្រើន ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យា ដោយកាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បានដាក់​ឱ្យប្រើប្រាស់ជាផ្លូវការ​នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពន្ធដារកម្ពុជា ដែលហៅកាត់ថា «GDT Home Tax - ជីឌីធី ហូមថាក»​។

«GDT HomeTax- ជីឌីធី ហូមថាក» ​ជាថ្នាលបច្ចេកវិទ្យាឌីជីថលដ៏ទំនើប សម្រាប់ការផ្តល់សេវា ប្រកបដោយគុណភាពខ្ពស់ ជូនអ្នកជាប់ពន្ធ។ ប្រព័ន្ធថ្មីនេះនឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ចូលទៅពិនិត្យ និងបំពេញកាតព្វកិច្ចសារពើពន្ធ តាមទូរស័ព្ទដៃ និងកុំព្យូទ័រ បានយ៉ាងងាយស្រួល, រហ័ស, សាមញ្ញ និង មានសុវត្ថិភាព។​​​

លោកស្រី ប៊ុន នារី ​បានលើកឡើងថា ប្រព័ន្ធនេះ នឹងជួយសម្រួលបន្ទុកអ្នកជាប់ពន្ធ ​បានយ៉ាងច្រើន។

នាពេលកន្លងមក លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ប្រព័ន្ធនេះ គឺជាសមិទ្ធផលថ្មីរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានស្នូល របស់រដ្ឋបាលសារពើពន្ធកម្ពុជា ប្រៀបបានទៅនឹងច្រកចេញ-ចូលតែមួយ ទម្រង់ឌីជីថលរបស់អគ្គនាយកដ្ឋានពន្ធដារ។ ប្រព័ន្ធនេះអាចប្រើប្រាស់បានតាមកម្មវិធី នៅលើទូរស័ព្ទដៃ ឬ តាមរយៈគេហទំហ័រដោយប្រើប្រាស់ Web Browser។

លោកបានពន្យល់ថា «ជាការកែទម្រង់និងសម្រួលផ្នែកបច្ចេកវិទ្យាព័ត៌មានបន្ថែមមួយកម្រិតទៀត យើងបានខិតខំសម្រួច នូវប្រព័ន្ធ-កម្មវិធីដែលមានបច្ចុប្បន្នសរុបចំនួន ៨៣ ចូលមកក្នុងច្រកតែមួយ ដើម្បីផ្តល់ភាព ងាយស្រួល ក្នុងការចូលប្រាស្រ័យទាក់ទងជាមួយនឹងរដ្ឋបាលសារពើពន្ធ និងទទួលបានសេវាអ្នកជាប់ពន្ធ ជាពិសេស ការប្រកាសពន្ធ (E-Filing) ការបង់ពន្ធ (E-Payment) ព្រមទាំងសេវានិង ការបំពេញបែបបទនានា»​៕