យល់ដឹងពីជំនួញ៖ មេផ្សារហ៊ុនថា ម្ចាស់អាជីវកម្មគួរតែលុបចោលផ្នត់គំនិត «ពេលដែលមិនត្រូវការលុយ អត់ ត្រៀម និងរៀបចំខ្លួនឱ្យបានល្អ» ខណៈបញ្ហានេះធ្វើឱ្យខ្លួនពិបាកចូលទីផ្សារហ៊ុន នៅពេលត្រូវការទុន (Video inside)
01-03-2026 12:32
(ភ្នំពេញ)៖ លោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) បានកត់សម្គាល់ថា ស្របពេលដែលពលរដ្ឋកម្ពុជា ងាកមកគាំទ្រផលិតផល សហគ្រាសក្នុងស្រុកមានសក្តាពលខ្ពស់ ក្នុងការពង្រីកការផលិតផលិតផលដែលមានគុណភាព និងមានបរិមាណគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុកជំនួសទំនិញនាំចូល ប៉ុន្តែឧបសគ្គសំខាន់គឺកង្វះទុនយកទៅពង្រីក។
ខណៈដែលធនាគារនានា ប្រយ័ត្នប្រយែងក្នុងក្នុងការផ្តល់កម្ចី ដល់ម្ចាស់អាជីវកម្ម ការបោះផ្សាយភាគហ៊ុនលក់ ដើម្បីកៀរគរទុនពីសាធារណជន គឺជាដំណោះស្រាយមួយដ៏ល្អ។ ប៉ុន្តែយ៉ាងនេះក្តី លោក ហុង សុហួរ លើកឡើងថា សហគ្រាសភាគច្រើនអាចនឹងពិបាកក្នុងការចូលក្នុងទីផ្សារភាគហ៊ុន ដើម្បីប្រមូលទុនពីសាធារណជន ដោយសារពួកគេពួកមិនបានរៀបចំខ្លួន និងគ្រប់គ្រងអាជីវកម្មឱ្យមានស្តង់ដារ។
លោកមើលឃើញថា បញ្ហាមួយរបស់ម្ចាស់អាជីវកម្មនៅកម្ពុជា គឺការប្រកាន់ភ្ជាប់នូវផ្នត់គំនិត «នៅពេលដែលអាជីវកម្មរបស់ខ្លួនល្អប្រសើរ ហាក់មិនសូវខ្វល់ពីការរៀបចំខ្លួនឱ្យមានស្តង់ដារ និងខំប្រឹងរៀនសូត្រដើម្បីទៅកៀរគរទុនបន្ថែមឡើយ ដូច្នេះហើយនៅពេលដែលបានទុនភ្លាមៗ ពួកគេពិបាកនឹងទទួលបាន។
លោកបានព្យល់ថា៖ «ពេលដែលគាត់មិនត្រូវការលុយ គាត់មិនបានត្រៀមខ្លួនដើម្បីទៅរកលុយហ្នឹងទេ ហើយនៅពេលដែលគាត់ត្រូវការលុយ បានគាត់ទៅរកលុយ អាហ្នឹងមិនអាចរកទាន់ទេ ព្រោះខ្លួនឯងមិនបានត្រៀមខ្លួនរួចរាល់ ដើម្បីអាចទទួលលុយគេបានផង។ នេះអាចជាទំនោរតាមធម្មជាតិមក ពេលដែលមិនត្រូវការលុយមិនខំប្រឹងប្រែងដើម្បីរកលុយ នៅពេលដែលចង់បានលុយ ហើយចង់រកលុយ នោះមិនមែនជារឿងងាយស្រួលនោះទេ»។
លោកបានគូសបញ្ជាក់ថា ម្ចាស់អាជីវកម្មខ្មែរគួរតែលុបចោលផ្នត់គំនិតនេះ និងរៀបចំខ្លួន រៀបចំអាជីវកម្ម ឱ្យមានស្តង់ដារ ងាយស្រួលក្នុងការទទួលបានទុនពីធនាគារ ក៏ដូចជាការចូលទីផ្សារភាគហ៊ុន កៀរគរទុនពីសាធារណជន ព្រោះដើម្បីអាចឈានចូលទីផ្សារហ៊ុន បាន លុះត្រាតែជាក្រុមហ៊ុនដែលមានស្តង់ដារខ្ពស់ មានគណនេយ្យភាព ហើយប្រើពេលយ៉ាងហោចណាស់ ចាប់ពី៦ខែឡើង នោះចាប់ផ្តើមបោះផ្សាយលក់ភាគហ៊ុន ប្រមូលទុនបាន។
យ៉ាងណាលោកបានលើកឡើងថា ដើម្បីឱ្យអាជីវកម្មខ្មែរ កាន់តែរីកចម្រើន កន្លងមក CSX បានបង្កើតក្លឹបបណ្តុះបណ្តាលដល់ម្ចាស់អាជីវកម្ម និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការបណ្តុះបណ្តាលដល់ម្ចាស់អាជីវកម្មនានា ដើម្បីភាពរីកចម្រើនរួមគ្នាផងដែរ៕
