កម្ពុជារំពឹងថា ឆ្នាំ២០២៦នេះនឹងទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួន ៨លាននាក់ និងជើងហោះហើរចេញ-ចូលជាង ៧២ពាន់ជើង
27-02-2026 16:30
(ភ្នំពេញ)៖ កម្ពុជារំពឹងថា ឆ្នាំ២០២៦នេះ ការដឹកជញ្ជូនតាមផ្លូវអាកាស នឹងងទទួលបានអ្នកដំណើរចំនួន ៨លាននាក់ ដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចំនួន ១១២ពាន់តោន និងជើងហោះហើរចេញ-ចូលជាង ៧២ពាន់ជើង ខណៈឆ្នាំ២០២៥នេះទទួលបានអ្នកដំណើរតាមផ្លូវអាកាសប្រមាណជិត ៧លាននាក់។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដាក់ក្តីរំពឹងជាវិជ្ជមានបែបនេះ ដោយផ្អែកទៅលើការរីកចម្រើនប្រកបទៅដោយភាពធននៃវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា និងដោយសារមានតម្រូវការពាណិជ្ជកម្ម ទេសចរណ៍ និងការដោះដូរវប្បធម៌ ក៏ដូចជានឹងនាំមកនូវសុវត្ថិភាព និងសន្តិសុខអាកាសចរណ៍ស៊ីវិលប្រសើរថែមទៀត។
ជាមួយគ្នានេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលរំពឹងថា វិស័យអាកាសចរណ៍នឹងនាំមកនូវសុវត្ថិភាព និងសន្តិសុខអាកាសចរណ៍ស៊ីវិលប្រសើរថែមទៀត ដោយសារមានច្បាប់អាកាសចរណ៍ស៊ីវិលថ្មី និងការកសាងបទប្បញ្ញត្តិថ្មីៗបន្ថែមទៀត និងសមត្ថភាពមន្ត្រីជំនាញទទួលបន្ទុកសុវត្ថិភាព និងសន្តិសុខ ត្រូវបានពង្រឹងជាបន្តបន្ទាប់ ក៏ដូចជានឹងមានធនធានមនុស្សជាមន្ត្រីក្មេងៗ និងមានបច្ចេកទេសអាកាសចរណ៍ស៊ីវិលកាន់តែច្រើនឡើងថែមទៀត ចូលរួមអនុវត្តការងារ ដោយសារមានវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល និងសាលាបណ្តុះបណ្តាល អាកាសចរណ៍ស៊ីវិលឯកជនផ្សេងៗ ដែលកំពុងដំណើរការបណ្តុះបណ្តាលវិជ្ជាជីវៈអាកាសចរណ៍ពិតប្រាកដ និងឱកាសបានទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេសពីបរទេសផងដែរ។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងកសាងបរិស្ថានអាកាសចរណ៍ស៊ីវិលកាន់តែប្រសើរជាងមុន តាមរយៈការកសាងផែនទីវិថីនៃចីរភាពវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ក្នុងឆ្នាំ២០២៦នេះ។
ទោះបីជាយ៉ាងនេះក៏ដោយ លោកបណ្ឌិតម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានលើកឡើងថា វិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា នៅតែមានកត្តាប្រឈមជាច្រើន ហើយត្រូវរួមគ្នាដោះស្រាយរួមគ្នាផងដែរ ដូចជាការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បើប្រៀបធៀបនឹងឆ្នាំ២០១៩ មិនទាន់បានវិលត្រឡប់ដូចដើមវិញនៅឡើយទេ ទោះបីជាជំងឺកូវីដ-១៩ បានផុតរលត់ក៏ដោយ។
ទន្ទឹមនឹងនេះ ប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងបរិបទនៃការវិវត្តឥតឈប់ឈរនៃសេដ្ឋកិច្ច នយោបាយ សន្តិសុខពិភពលោក ដែលបានជះឥទ្ធិពលមកលើការដឹកជញ្ជូនតាមផ្លូវអាកាស ដោយសារតែភាពមិនច្បាស់លាស់ពិភពលោករវាងឯកតោភាគីនិយមនិងពហុភាគីនិយម ការអូសបន្លាយសង្គ្រាមតំបន់មជ្ឈិមបូព៌ា និងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ជាពិសេសការគំរាមកំហែង ចំពោះអធិតេយ្យភាពជាតិកម្ពុជាជាដើម៕












