រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រមូលចំណូលជូនរដ្ឋបានជាង ៥០លានដុល្លារ ឆ្នាំ២០២៥
27-02-2026 16:11
(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៥កន្លងទៅនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រមូលចំណូលជូនរដ្ឋបាន ៥១ ២៦៧ ៨៩១ដុល្លារអាម៉េរិក លើសផែនការ ១.៣២%។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលបានបង្ហាញក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។
បើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងឆ្នាំ២០២៥ ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស មានចំនួន ៦ ៩៨៨ ២៥៩នាក់ កើន១២% ប្រៀបធៀបនឹង២០២៤។ ចំណែកការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសវិញ បានដឹកជញ្ជូនទំនិញសរុបចំនួន ៩៣ ៨៨៩តោន កើន២១% ប្រៀបធៀបឆ្នាំ២០២៤។
បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ ចំនួន ៣៦ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនជាតិចំនួន ៤ និងក្រុមហ៊ុនអន្តរជាតិចំនួន ៣២ ដោយបានកំពុងតភ្ជាប់ជើងហោះហើរជាមួយ១៨ ប្រទេស និង ៤៦ ទីក្រុង រួមទាំង ៨ប្រទេសនៃសមាជិកអាស៊ាន ព្រមទាំងប្រទេសផ្សេងៗទៀត ដូចជាប្រទេសចិន កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ឥណ្ឌា កាតារ អេមីរ៉ាតអារ៉ាប់រួម ជប៉ុន និងទួរគី។
ទន្ទឹមគ្នានេះ ក្នុងឆ្នាំ២០៥ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានចុះបញ្ជីអាកាសយាននៅកម្ពុជា ចំនួន៣២គ្រឿង។
ដោយឡែកវិស័យឯកជនអាកាសចរណ៍ស៊ីវិលកម្ពុជា បានចូលរួមចំណែកផ្តល់ការងារដោយផ្ទាល់ចំនួន ៤ ៤៧១នាក់ ក្នុងនោះស្ត្រីមាន ១ ៩៤៧នាក់ ស្មើនឹង៤៤% និងបុរសមាន ២ ៥២៤នាក់ ស្មើនឹង៥៦%, ផ្តល់ការងារជាជំនាញបច្ចេកទេសអាកាសចរណ៍ស៊ីវិលសរុបចំនួន ១ ៨៨០នាក់, ផ្តល់ការងារជាអ្នកបើកអាកាសយាន (Pilots) សរុបចំនួន ១៣៥នាក់ និងនាំមកប្រាក់ចំណូលប្រតិបត្តិការអាជីវកម្មដោយផ្ទាល់ជិត ៦០០លានដុល្លារសហរដ្ឋអាម៉េរិក។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងមន្ត្រីរាជការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលទាំងអស់ និងវិស័យឯកជន ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត បញ្ញា និងស្មារតីក្នុងការបំពេញតួនាទី ភារកិច្ច និងបេសកកម្មរបស់ខ្លួន ដើម្បីការអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិល សំដៅធានាឧត្តមប្រយោជន៍ជាតិមាតុភូមិ និងសម្រេចបានសមិទ្ធផលនានា ប្រកបដោយប្រសិទ្ធភាព ខ្ពស់នៅក្នុងឆ្នាំ២០២៥កន្លងទៅនេះ។
លោកបានលើកឡើងផងដែរថា វិស័យអាកាសចរណ៍ស៊ីវិល នៅតែបន្តទទួលផលប្រយោជន៍ នៃកេរ្តិ៍ដំណែល ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងទស្សនៈវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ក្នុងការដាក់ឱ្យអនុវត្តគោលនយោបាយបើកចំហជើងមេឃ នៅក្នុងឆ្នាំ១៩៩៩ និងកំពុងបន្តអនុវត្តក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយ បានជួយជំរុញឱ្យមានសន្ទុះរីកចម្រើន ដល់ការដឹកជញ្ជូនតាមផ្លូវអាកាស ហើយឆ្លើយតបតម្រូវការទេសចរណ៍ ធុរកិច្ច ពាណិជ្ជកម្ម និងការផ្សារភ្ជាប់ទំនាក់ទំនងសង្គម-វប្បធម៌៕












