គិតត្រឹមដំណាច់ឆ្នាំ២០២៥ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដែលបានចុះបញ្ជីមានជាង ៤ម៉ឺ៤ពាន់មូលដ្ឋាន ខណៈក្រសួងកំពុងជួយ SME ឱ្យរីកចម្រើនយូរអង្វែង (Video indide)
26-02-2026 16:40
(ភ្នំពេញ)៖ គិតត្រឹមដំណាច់ឆ្នាំ២០២៥ សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ដែលបានចុះបញ្ជី សរុបមានចំនួន ៤៤ ៧៩៥មូលដ្ឋាន ក្នុងនោះសហគ្រាសដែលគ្រប់គ្រងដោយសហគ្រិនស្ត្រី មានចំនួន ៨ ៦៧០មូលដ្ឋាន និងផ្តល់ការងារដល់ពលកម្មចំនួន ៤៩២ ១៣១ នាក់។នេះយោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម។
បើតាមរបាយការណ៍ ក្នុងឆ្នាំ២០២៥ ការចុះបញ្ជីសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ផ្នែកកម្មន្តសាល ថ្មីមានចំនួន ១ ២៦២ មូលដ្ឋាន ខណៈក្រសួងបានចេញវិញ្ញាបនបត្រដំណើរការចំនួន ១.១៤៨ មូលដ្ឋាន និងវិញ្ញាបនបត្របន្តចំនួន ១ ៣៦៧ មូលដ្ឋាន បង្កើតបានការងារថ្មីចំនួន ២៣.៥៩៧ នាក់។
ទន្ទឹមនឹងនេះ សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មបានបិទចំនួន ៤៣៧ មូលដ្ឋាន ថមថយកំលាំងពលកម្មចំនួន ៧.៦៨៩ នាក់។
ថ្លែងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីការងារយុទ្ធសាស្រ្តមួយចំនួនដែលក្រសួងបាននិងកំពុងធ្វើ ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។
លោកបានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦នេះ ក្រសួងបានផ្តោតលើការងារសំខាន់ជាច្រើន ក្នុងនោះរួមមាន ការអភិវឌ្ឍន៍SME គាំទ្រដល់ខ្សែសង្វាក់តម្លៃ, ការរៀបចំឱ្យនូវ SME Cluster ដែលជាបណ្ដុំនៃសហគ្រាសធុនតូច និងមធ្យម ដើម្បីងាយស្រួលក្នុងការសម្រួលដល់ SME ដូចជាការចុះបញ្ជី និងទទួលបានការអនុគ្រោះ និងជួយពីរាជរដ្ឋាភិបាល ដែលជាការជួយជ្រោង និងស្រោចស្រង់ដល់បណ្តា SME និងរោងចក្រឧស្សាហកម្ម, ការគិតគូរពីការវេចខ្ចប់ និងការងារសុវត្ថិភាពចំណី និងបច្ចេកវិទ្យាក្នុងការផលិត និងកែច្នៃម្ហូបអាហារ និងសម្ភារផ្សេងជាដើម។
លោកបានគូសបញ្ជាក់បន្ថែមថា «បើយើងចង់ជួយSME ពេលខ្លះមិនមែនទាល់តែទៅដល់រោងចក្រគាត់ ទៅយកលុយឱ្យគាត់ ឬបណ្តុះបណ្តាលគាត់ទេ ពេលខ្លះគាត់មិនត្រូវការយើងទេ គាត់ត្រូវតែសេវាយើងវាច្បាស់លាស់ ងាយស្រួល។ ដូច្នេះយើងខ្ញុំគឺផ្តោតលើការងារ រៀចចំសេវានេះ ឱ្យទៅជាអនឡាញឱ្យបានច្រើន អត់ឱ្យមនុស្សជួបគ្នាធ្វើតែអនឡាញ ហើយពេលខ្លះមិនឱ្យបង់លុយផ្ទាល់ទៀត គឺទូទាត់តាម E-Payment។ បើសេវាសាធារណៈរបស់យើងទៅជាអនឡាញ កាន់តែមានតម្លាភាព ជឿជាក់ទុកចិត្តបាន នោះហើយជាការជួយយូរអង្វែងដល់SME»៕








