ធនាគារជាតិនៃកម្ពុជា កំណត់ក្របខណ្ឌបទប្បញ្ញត្តិសម្រាប់គ្រឹះស្ថានគ្រប់គ្រងទ្រព្យ ដែលធ្វើប្រតិបត្តិការទិញ និងគ្រប់គ្រងឥណទានមិនដំណើរការ និងទ្រព្យធានារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ
26-02-2026 15:47
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសថ្មីមួយ ដោយកំណត់លក្ខខណ្ឌសម្រាប់គ្រឹះស្ថានគ្រប់គ្រងទ្រព្យសកម្ម ក្នុងគោលបំណងកំណត់ក្របខណ្ឌបទប្បញ្ញត្តិ សម្រាប់គ្រឹះស្ថានគ្រប់គ្រងទ្រព្យ ដែលធ្វើប្រតិបត្តិការទិញ និងគ្រប់គ្រងឥណទានមិនដំណើរការ និងទ្រព្យធានារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
យោងតាមប្រកាសដែលចុះហត្ថលេខាដោយលោកស្រីបណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា បុគ្គលដែលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណជាគ្រឹះស្ថានគ្រប់គ្រងទ្រព្យសកម្ម ត្រូវចុះបញ្ជីក្នុងទម្រង់ជាក្រុមហ៊ុនមហាជន ទទួលខុសត្រូវមានកម្រិត និងត្រូវមានដើមទុនចុះបញ្ជីអប្បបរមាស្មើនឹង ២០០ប៊ីលានរៀល។
ប្រកាសនេះ បានបញ្ជាក់ទៀតថា គ្រឹះស្ថានគ្រប់គ្រងទ្រព្យសកម្ម ដែលទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា អាចធ្វើសកម្មភាពអាជីវកម្ម ដូចជា ទិញ និងគ្រប់គ្រងឥណទានមិនដំណើរការ ព្រមទាំងទ្រព្យធានាភ្ជាប់ ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ,ទិញ និងគ្រប់គ្រងអចលនទ្រព្យពីកូនបំណុលរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដោយ អចលនទ្រព្យនេះត្រូវបានដាក់លក់តាមរយៈការប្រកាសដេញថ្លៃដោយតុលាការ ឬ តាមរយៈអភិបាលបណ្តោះអាសន្ន ឬដំណើរការជម្រះបញ្ជី, ផ្តល់សេវាប្រមូលបំណុលឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ, សម្របសម្រួលលក់ទ្រព្យធានាភ្ជាប់ ដោយមានការយល់ព្រមពីកូនបំណុល,លក់ឥណទានទៅគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានគ្រប់គ្រងទ្រព្យសកម្មផ្សេងទៀត និងកម្មភាពអាជីវកម្មផ្សេងទៀតដែលអនុញ្ញាតដោយធនាគារជាតិនៃកម្ពុជា។
តែយ៉ាងនេះក្តី យោងតាមប្រការ ៥ នៃប្រកាសនេះបាន បានហាមឃាត់សកម្មភាពមួយចំនួន ដែលគ្រឹះស្ថានគ្រប់គ្រងទ្រព្យសកម្ម មិនត្រូវធ្វើគឺ មិនត្រូវផ្តល់ឥណទាន ឬបុនហិរញ្ញប្បទាន, ធានាលើឥណទាន, ទិញឥណទានមិនដំណើរការពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលផ្តល់កម្ចីដោយផ្ទាល់ ឬប្រយោលឱ្យខ្លួន និងធ្វើសកម្មភាពអាជីវកម្មផ្សេងទៀត ដែលហាមឃាត់ដោយធនាគារជាតិនៃកម្ពុជា៕













