អគ្គនាយក ARDB ប្តេជ្ញាចិត្តជំរុញឲ្យមានការបណ្តុះបណ្តាលកសិករ ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាកសិកម្មវៃឆ្លាត
25-02-2026 15:19
(កំពង់ធំ)៖ ក្នុងស្មារតីបម្រើ និងលើកកម្ពស់វិស័យកសិកម្ម នៅព្រឹកទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីចុះបំពេញបេសកកម្មពិនិត្យវឌ្ឍនភាពកសិដ្ឋានគំរូចំនួន២ទីតាំង ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ រួមមាន៖
១៖ កសិដ្ឋានចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់ របស់លោកស្រី ឌីម ឡាយ នៅភូមិស្ពានគ្រង ឃុំចំណារក្រោម ដែលជាគំរូនៃការពង្រឹងសេដ្ឋកិច្ចគ្រួសារតាមរយៈការចិញ្ចឹមសត្វ។
២៖ កសិដ្ឋានបន្លែសុវត្ថិភាព របស់សហគមន៍កសិកម្មសណ្តាន់សាមគ្គី នៅភូមិចំណាក់ ឃុំចំណាក្រោម ដែលជាចំណុចស្នូលនៃផលិតកម្មកសិកម្មទំនើប។
ក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់របស់ធនាគារ ARDB ក្នុងការផ្តល់ឥណទានក្នុងវិស័យកសិកម្ម ជាពិសេសឥណទាន សម្រាប់សាង់សង់ផ្ទះសំណាញ់។
លោកបានថ្លែងថា ការដាំដុះក្នុងផ្ទះសំណាញ់មិនត្រឹមតែជួយឱ្យកសិករអាចផលិតបន្លែបានគ្រប់រដូវកាល និងធានាសុវត្ថិភាពសម្រាប់អ្នកបរិភោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាខែលការពារពីការប្រែប្រួលអាកាសធាតុយ៉ាងមានប្រសិទ្ធភាព។
ទន្ទឹមនឹងការផ្តល់ទុនពី ធនាគារ ARDB, លោកបណ្ឌិត ក៏បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញឲ្យមានការបណ្តុះបណ្តាលកសិករ ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាកសិកម្មវៃឆ្លាត ដើម្បីបង្កើនទិន្នផល និងធ្វើការតភ្ជាប់ខ្សែច្រវាក់ទីផ្សារ ដោយ សម្របសម្រួលរវាងសហគមន៍ផលិតជាមួយអ្នកបញ្ជាទិញ ដើម្បីធានាបាននូវតម្លៃសមរម្យ និងស្ថិរភាពទីផ្សារ។
ធនាគារ ARDB បន្តឈរជាបង្អែកដ៏រឹងមាំសម្រាប់កសិករខ្មែរ តាមរយៈការផ្តល់ប្រភពទុនដែលមានអត្រាការប្រាក់ទាប សំដៅប្រែក្លាយកសិកម្មបែបគ្រួសារ ឱ្យទៅជាកសិកម្មពាណិជ្ជកម្ម។ គោលដៅចុងក្រោយគឺការបង្កើនប្រាក់ចំណូលជូនបងប្អូនកសិករ កាត់បន្ថយការចំណាកស្រុក និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យកាន់តែរីកចម្រើន៕










