FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក គង់ វិបុល៖ ការកែទម្រង់ពន្ធដារ គឺដើម្បីកសាងនូវទំនុកចិត្តអ្នកបង់ពន្ធ, ចំណូលពន្ធដារយកទៅជួយគ្រប់វិស័យ រួមទាំងវិស័យការពារជាតិ (Video inside)

25-02-2026 14:35

(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា ការកែទម្រង់ពន្ធដារ គឺដើម្បីកសាងនូវទំនុកចិត្តអ្នកបង់ពន្ធ ខណៈចំណូលពន្ធដារ បានយកទៅជួយលើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គង់ វិបុល អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធសាខាថ្មី ធនាគារ វីង របស់អ្នកឧកញ៉ា គិត ម៉េង នៅក្នុងអគារអគ្គនាយកដ្ឋានពន្ធដារ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «ការកែទម្រង់កន្លងទៅ និងបច្ចុប្បន្នដ៏មុតស្រួច នៃអគ្គនាយកដ្ឋានពន្ធដារ គឺដើម្បីកសាងនូវទំនុកចិត្ដរបស់អ្នកបង់ពន្ធ [...] ចំណូលពន្ធដារ គឺយកទៅជួយយើងទាំងអស់គ្នាវិញ ជួយគ្រប់វិស័យ ទាំងវិស័យសុខាភិបាល, អប់រំ, សន្ដិសុខ ជាពិសេសវិស័យការពារជាតិរបស់យើង»

ទន្ទឹមគ្នានេះ លោក គង់ វិបុល បានឲ្យដឹងថា «នៅក្នុងដំណាក់កាលពេលនេះ យើងត្រូវការខ្លាំងមែនទែន នៅក្នុងវិស័យការពារជាតិរបស់យើង ដូច្នេះហើយបើសិន ជាចំណូលពន្ធដារមិនរឹងមាំ និងមិនបានគ្រប់គ្រងដោយតម្លាភាព ប្រសិទ្ធភាព គឺយើងលំបាកហើយ»

បើតាមលោក គង់ វិបុល, ការប្រមូលចំណូលពន្ធ ជាមួយនឹងធនាគារដែលជាដៃគូ គឺមិនអាចខ្វះបាននោះទេ ពីព្រោះពន្ធដារ ប្រើយន្ដការឯកជនធនាគារ យកមកប្រមូលជំនួស ដោយពេលខ្លះ ការបង់ពន្ធដោយមិនចាំបាច់ ជួបមន្ដ្រីពន្ធដារនោះទេ គឺទៅធនាគារបង់តែម្ដង ឬក៏ប្រើតាមប្រព័ន្ធឌីជីថល ដែលពន្ធដារបានអភិវឌ្ឍន៍។

សូមជម្រាបថា នៅឆ្នាំ២០២៥ កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារ (GDT) បានប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានជាង ៣,៥៧៧ ពាន់លានដុល្លារ ស្មើនឹងជាង១៤,៣៤៥ ប៊ីលានរៀល ដែលកើនឡើងជាង ៣% បើធៀបនឹងឆ្នាំ២០២៤។ លទ្ធផលនេះ បង្ហាញពីកំណើនស្ថិរភាពនៃប្រភពចំណូលសារពើពន្ធ ដើម្បីទ្រទ្រង់ថវិកាជាតិ៕