FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក គង់ វិបុល៖ ប្រព័ន្ធ GDT HomeTax ជាច្រកផ្តល់សេវាជូនអ្នកជាប់ពន្ធ កាត់បន្ថយពេលវេលា និងងាយស្រួលបង់ពន្ធ នៅគ្រប់ទីកន្លែងឱ្យតែមាន Internet (Video inside)

25-02-2026 14:34

(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងបញ្ជាក់ថា «GDT HomeTax- ជីឌីធី ហូមថាក» ជាថ្នាលបច្ចេកវិទ្យាឌីជីថលរបស់ពន្ធដារ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធ អាចធ្វើការបង់ពន្ធពីគ្រប់កន្លែងទាំងអស់ឱ្យតែមានប្រព័ន្ធអ៉ីធឺណិត។

ថ្លែងនានាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធធនាគារ វីង សាខាជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក គង់ វិបុល បានថ្លែងដូចនេះថា « GDT HomeTax- ជីឌីធី ហូមថាក» ជាថ្នាលបច្ចេកវិទ្យាឌីជីថល របស់ពន្ធដារមួយ ជាច្រកមួយដើម្បីអ្នកទាំងអស់គ្នាចូលទៅក្នុងច្រកនេះ ហើយជ្រើសរើសយកសេវាណាមួយដែលត្រូវបង់ពន្ធ ហើយអាចបង់ពន្ធពីគេហដ្ឋានក៏បាន ពីការរិយាល័យធ្វើការ ឫពីក្នុងរថយន្តធ្វើដំណើរក៏បាន ឬកន្លែងណាក៏បានឱ្យតែមានប្រព័ន្ធអ៉ីធឺណិត ដែលនេះហើយគឺជាប្រព័ន្ធ «GDT HomeTax»។

លោក គង់ វិបុល បានបន្ថែមថា GDT HomeTax គឺជាច្រករបស់ពន្ធដារតែមួយ ដែលច្រកនេះបានតភ្ជាប់ជាមួយប្រព័ន្ធធនាគារ ជាពិសេសធនាគារនៅផ្នែកឯកជនដែលជាដៃគូរ ក្នុងការប្រមូលពន្ធជូនរដ្ឋ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធ និងការបង់ពន្ធជូនរដ្ឋ។ តាមរយៈច្រក GDT HomeTax នេះ អ្នកជាប់ពន្ធទាំងអស់ក៏បានចូលពិនិត្យមើលជាក់ស្តែង និងពិនិត្យមើលលើអចលទ្រព្យរបស់ខ្លួនបាន ដើម្បីដឹងថា មានអចលទ្រព្យបានបង់ពន្ធហើយ ឫមិនទាន់បានបង់ អាចបង់ពន្ធបានភ្លាមៗតែម្តង។

សូមបញ្ជាក់ដែរថា អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពន្ធដារកម្ពុជា(Cambodia Tax Administration System) ដែលនឹងត្រូវបានប្រសិទ្ធនាមហៅកាត់ថា «GDT HomeTax- ជីឌីធី ហូមថាក» ដែលជាថ្នាលបច្ចេកវិទ្យាឌីជីថលដ៏ទំនើប សម្រាប់ការផ្តល់សេវា ប្រកបដោយគុណភាពខ្ពស់ ជូនអ្នកជាប់ពន្ធ។ ប្រព័ន្ធថ្មីនេះនឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ចូលទៅពិនិត្យ និងបំពេញកាតព្វកិច្ចសារពើពន្ធ តាមទូរស័ព្ទដៃ និងកុំព្យូទ័រ បានយ៉ាងងាយស្រួល, រហ័ស, សាមញ្ញ និង មានសុវត្ថិភាព។

ប្រព័ន្ធនេះ គឺជាសមិទ្ធផលថ្មីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានស្នូល របស់រដ្ឋបាលសារពើពន្ធកម្ពុជា ប្រៀបបានទៅនឹងច្រកចេញ-ចូលតែមួយ ទម្រង់ឌីជីថលរបស់អគ្គនាយកដ្ឋានពន្ធដារ។ ប្រព័ន្ធនេះអាចប្រើប្រាស់បានតាមកម្មវិធី នៅលើទូរស័ព្ទដៃ ឬ តាមរយៈគេហទំហ័រដោយប្រើប្រាស់ Web Browser។ ប្រព័ន្ធនេះ ជាការកែទម្រង់ និងសម្រួលផ្នែកបច្ចេកវិទ្យាព័ត៌មានបន្ថែមមួយកម្រិតទៀត ដែលអគ្គនាយកដ្ឋានពន្ធដារ បានសម្រួចនូវប្រព័ន្ធ-កម្មវិធីដែលមានបច្ចុប្បន្នសរុបចំនួន៨៣ ចូលមកក្នុងច្រកតែមួយ ដើម្បីផ្តល់ភាព ងាយស្រួល ក្នុងការចូលប្រាស្រ័យទាក់ទងជាមួយនឹងរដ្ឋបាលសារពើពន្ធ និងទទួលបានសេវាអ្នកជាប់ពន្ធ ជាពិសេស ការប្រកាសពន្ធ (E-Filing) ការបង់ពន្ធ (E-Payment) ព្រមទាំងសេវានិង ការបំពេញបែបបទនានាផងដែរ៕