FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកដ្ឋានពន្ធដារ ដាក់ឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធ GDT HomeTax សម្រាប់ការផ្តល់សេវាប្រកបដោយគុណភាពខ្ពស់ ជូនអ្នកជាប់ពន្ធ

05-02-2026 16:03

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពន្ធដារកម្ពុជា(Cambodia Tax Administration System) ដែលនឹងត្រូវបានប្រសិទ្ធនាមហៅកាត់ថា «GDT HomeTax- ជីឌីធី ហូមថាក» ដែលជាថ្នាលបច្ចេកវិទ្យាឌីជីថលដ៏ទំនើប សម្រាប់ការផ្តល់សេវា ប្រកបដោយគុណភាពខ្ពស់ ជូនអ្នកជាប់ពន្ធ។

ប្រព័ន្ធថ្មីនេះនឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ចូលទៅពិនិត្យ និងបំពេញកាតព្វកិច្ចសារពើពន្ធ តាមទូរស័ព្ទដៃ និងកុំព្យូទ័រ បានយ៉ាងងាយស្រួល, រហ័ស, សាមញ្ញ និង មានសុវត្ថិភាព។

លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា ប្រព័ន្ធនេះ គឺជាសមិទ្ធផលថ្មីរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានស្នូល របស់រដ្ឋបាលសារពើពន្ធកម្ពុជា ប្រៀបបានទៅនឹងច្រកចេញ-ចូលតែមួយ ទម្រង់ឌីជីថលរបស់អគ្គនាយកដ្ឋានពន្ធដារ។ ប្រព័ន្ធនេះអាចប្រើប្រាស់បានតាមកម្មវិធី នៅលើទូរស័ព្ទដៃ ឬ តាមរយៈគេហទំហ័រដោយប្រើប្រាស់ Web Browser។

លោកបានពន្យល់ថា «ជាការកែទម្រង់និងសម្រួលផ្នែកបច្ចេកវិទ្យាព័ត៌មានបន្ថែមមួយកម្រិតទៀត យើងបានខិតខំសម្រួច នូវប្រព័ន្ធ-កម្មវិធីដែលមានបច្ចុប្បន្នសរុបចំនួន ៨៣ ចូលមកក្នុងច្រកតែមួយ ដើម្បីផ្តល់ភាព ងាយស្រួល ក្នុងការចូលប្រាស្រ័យទាក់ទងជាមួយនឹងរដ្ឋបាលសារពើពន្ធ និងទទួលបានសេវាអ្នកជាប់ពន្ធ ជាពិសេស ការប្រកាសពន្ធ (E-Filing) ការបង់ពន្ធ (E-Payment) ព្រមទាំងសេវានិង ការបំពេញបែបបទនានា»

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន កម្ពុជាត្រូវការជាចាំបាច់ នូវរដ្ឋបាលសារពើពន្ធមួយដែលទំនើប និង ឆ្លាតវៃដើម្បីផ្ដល់ភាពងាយស្រួល, តម្លាភាព និង គណនេយ្យភាព ជូនអ្នកជាប់ពន្ធ។

អគ្គបណ្ឌិតសភាចារ្យ បានគាំទ្រ និងលើកទឹកចិត្តអគ្គនាយកដ្ឋានពន្ធដារ ឲ្យបន្តយកចិត្តទុកដាក់ លើការធ្វើបរិវត្តកម្មឌីជីថល សំដៅប្រែក្លាយខ្លួនទៅជា រដ្ឋបាលសារពើពន្ធ ទំនើប ឬ ហៅជាភាសាអង់គ្លេស ថា Tax Administration 3.0 នាពេលខាងមុខ ស្របតាម ចក្ខុវិស័យរួមរបស់រាជរដ្ឋាភិបាល, ដូចមានចែងក្នុង «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥», ដែលជាឯកសារគោលនយោបាយរយៈពេលវែង សម្រាប់ធ្វើជាត្រីវិស័យ ក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថល របស់កម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ការដាក់ឱ្យដំណើរការនូវប្រព័ន្ធថ្មីនេះ នឹងធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យា។ នៅពេលដែលប្រព័ន្ធមានភាពច្បាស់លាស់ នោះនឹងជំរុញការអនុលោមតាមច្បាប់កាន់តែងាយស្រួល ជម្លោះកាន់តែតិច ហើយទំនុកចិត្តកាន់តែរឹងមាំ៕