FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត គុណ ញឹម៖ ចំណូលគយនៅឆ្នាំ២០២៥ ប្រមូលបានជិត៣.២ពាន់លានដុល្លារ លើសផែនការរហូតដល់ ២៤% (Video inside)

27-01-2026 16:38

(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ចំណូលគយដែលប្រមូលបាន នៅក្នុងឆ្នាំ២០២៥ បានជិត ៣.២ពាន់លានដុល្លារ លើសពីផែនការរហូតដល់ ២៤ភាគរយ ដែលជាចំនួនមួយខ្ពស់ស្មើនឹងឆ្នាំ២០១៩។

ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត គុណ ញឹម អញ្ជើញជាអធិបតីភាព ក្នុងវេទិកាផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្ដផែនការសកម្មភាព ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ វេទិកានេះ ធ្វើឡើងនៅសាលសន្និសីទ នៃសាលាជាតិគយ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។

លោកបណ្ឌិត គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្នាំ២០២៥ អ្វីដែលយើងអនុវត្ដបាន គឺបានលើសផែនការ រហូតដល់២៤.៥ភាគរយ ជាតួលេខមួយខ្ពស់ បើប្រៀបធៀបជាមួយនឹងផែនការ [...] មានការកើនឡើងដល់ស្មើឆ្នាំ២០១៩ ដែលជាតួរលេខមួយខ្ពស់»

បន្ថែមពីនោះទៀត លោកបណ្ឌិត គុណ ញឹម បានលើកឡើងថា តួលេខទឹកប្រាក់ពន្ធអាករ ដែលប្រមូលបានដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅឆ្នាំ២០២៥ វាឡើងប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ ដែលជាឆ្នាំមួយ​ មានសេដ្ឋកិច្ចល្អ ទាំងការវិនិយោគ និងពាណិជ្ជកម្ម។

សូមជម្រាបផងដែរថា នៅក្នុងច្បាប់ថវិកា កាលពីឆ្នាំ២០១៩ កំណត់ឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលឲ្យបាន ២,២៦០លានដុល្លារ ប៉ុន្តែគយបានរកចំណូលលើសច្បាប់ថវិការហូតដល់ជាង៩០០លានដុល្លារ ដែលសរុបជិត ៣.២ពាន់លានដុល្លារ៕