កម្ពុជាចាយលុយជាង ២ពាន់លានដុល្លារ នាំចូលប្រេងឥនន្ធៈ ក្នុងឆ្នាំ២០២៥ ធ្លាក់ចុះប្រមាណ ១០% (Video inside)
26-01-2026 15:34
(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០២៥ កម្ពុជាបានចំណាយថវិកាប្រមាណជាង ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងការនាំចូលប្រេងសាំង (E.A) និងប្រេងម៉ាស៊ូត (D.O)។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។
តាមរបាយការណ៍បានបង្ហាញថា នៅក្នុងឆ្នាំ២០២៥ កម្ពុជានាំចូលប្រេងសាំង (E.A) ប្រមាណ ៨៣៩លានដុល្លារ ធ្លាក់ចុះ ១១.២៤ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ចំនួន៩៤៦លានដុល្លារ និងប្រេងម៉ាស៊ូត (D.O) ប្រមាណ ១,២៥៩លានដុល្លារ ធ្លាក់ចុះ១០.៩៨ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ចំនួន ១,៤១៤លានដុល្លារ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ការធ្លាក់ចុះ នៃការនាំចូលប្រេងគ្រប់ប្រភេទ ក៏ដូចជាប្រេងម៉ាស៊ូត ដោយសារបច្ចុប្បន្នកម្ពុជាមានថាមពលអគ្គិសនី សម្រាប់ផ្គត់ផ្គង់គ្រប់គ្រាន់។
អ្នកឧកញ៉ា លឹម ហេង បានថ្លែងថា «នៅពេលមុន បើសិនជាប្រេងនាំចូល មានការកើនឡើង ទំហំនៃការផលិតការកែច្នៃ មានការកើនឡើង ដល់ពេលដែលប្រេងនាំចូល មានការធ្លាក់ចុះ ដូច្នេះទំហំសេដ្ឋកិច្ចក៏មានការធ្លាក់ចុះផងដែរ ប៉ុន្ដែឥឡូវនេះ សម័យឌីជីថល ដោយកម្ពុជាមានថាមពលផ្នែកអគ្គិសនី ផ្គត់ផ្គង់គ្រប់គ្រាន់ ដូច្នេះការធ្លាក់ចុះ នៃការនាំចូលប្រេងនេះ ដោយសាររោងចក្រសហគ្រាស ដែលកន្លងមកប្រើប្រាស់ម៉ាស៊ីនប្រេង ត្រូវបានកាត់បន្ថយស្ទើរទាំងស្រុង មកប្រើប្រាស់អគ្គិសនីមកវិញ»។
លើសពីនោះទៀត អ្នកឧកញ៉ា លឹម ហេង បានលើកឡើងថា បច្ចុប្បន្ននេះ យានយន្ដសឹងតែគ្រប់ប្រភេទ កំពុងតែជំនួសដោយការប្រើប្រាស់ថាមពលអគ្គិសនី (EV) ដូច្នេះការនាំចូលប្រេងគ្រប់ប្រភេទនឹងធ្លាក់ចុះជាបណ្ដើរៗ សម្រាប់ប្រទេសកម្ពុជា ដោយមិនត្រឹមតែប្រេងម៉ាស៊ូតនោះទេ។
អ្នកឧកញ៉ា លឹម ហេង បានថ្លែងថា «ការធ្លាក់ចុះ នៃការនាំចូលប្រេងនេះ មិនមានជាបញ្ហាអ្វីគួរឲ្យបារម្ភនោះទេ»៕
អ្នកឧកញ៉ា លឹម ហេង បានឲ្យដឹងទៀតថា ខ្សែច្រវាក់ផលិតកម្ម និងការកែច្នៃ នៅតែមានការកើនឡើងដដែល ហើយការដឹកជញ្ជូន នៅតែមានភាពល្អប្រសើរ ដូច្នេះពាក់ព័ន្ធនឹងការធ្លាក់ចុះ ការនាំចូលប្រេងនេះ មិនពាក់ព័ន្ធនឹងសកម្មភាពពាណិជ្ជកម្មដូចពីមុន ដែលមិនមានថាមពលអគ្គិសនីនោះទេ៕



