វិស័យមូលបត្រនៅកម្ពុជានៅតែបង្ហាញភាពធន់ក្នុងឆ្នាំ២០២៥ ខណៈវិនិយោគិនក្នុងស្រុក និងបរទេសនៅតែបន្តជឿជាក់លើទីផ្សារ និងធ្វើការវិនិយោគយ៉ាងសកម្ម
14-01-2026 22:09
(ភ្នំពេញ)៖ វិស័យមូលបត្រកម្ពុជាក្នុងឆ្នាំ២០២៥នេះ នៅបន្តរក្សាភាពធន់ បើទោះបីជាស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះក្តី ដោយផ្សារមូលបត្រកម្ពុជា ហាក់មិនមានការ ប្រែប្រួលជាអវិជ្ជមានឡើយ ខណៈវិនិយោគិននៅតែបន្តជឿជាក់មកលើទីផ្សារ ដោយបន្តកាន់កាប់ និងវិនិយោគបន្ថែម ដែលធ្វើឱ្យទីផ្សាររក្សានូវស្ថេរភាពល្អ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ។
តាម CSX ក្នុងឆ្នាំ២០២៥ អាចចាត់ទុកថាជាឆ្នាំដ៏លំបាកមួយសម្រាប់ពិភពលោក ដែលនៅតែជួបបញ្ហាជាច្រើន ហើយប្រទេសកម្ពុជា ដោយសារតែការរងការរំលោភបំពានពីប្រទេសថៃ ដែលធ្វើឱ្យប្រទេសកម្ពុជាទទួលរងនូវផលប៉ះពាល់ជាច្រើនទាំងផ្នែក សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍។ល។ តែយ៉ាងនេះក្តី វិស័យមូលបត្រកម្ពុជាក្នុងឆ្នាំ២០២៥នេះ នៅបន្តរក្សាភាពធន់ ខណៈការបើកគណនីថ្មីមានការកើនឡើងជាលំដាប់ ហើយចំនួនវិនិយោគិនសកម្មនៅតែមានចំនួនច្រើននៅក្នុងទីផ្សារ ដែលនេះជាសញ្ញាបង្ហាញថា វិនិយោគិនមានការចាប់អារម្មណ៍ និងការគាំទ្រមកលើទីផ្សារមូលបត្រកម្ពុជា។
CSX បានឱ្យដឹងថា ចំនួនគណនីថ្មីដែលបើកក្នុងឆ្នាំ ២០២៥មានចំនួន ១៤.៥០៤ គណនី កើនឡើង ១៣,៨% ធៀននឹងឆ្នាំ ២០២៤។
ក្នុងឆ្នាំ២០២៥ វិនិយោគិននៅតែបន្តជឿជាក់មកលើទីផ្សារ ដោយបន្តកាន់កាប់ និងវិនិយោគបន្ថែម ដែលធ្វើឱ្យទីផ្សាររក្សានូវស្ថេរភាពល្អ ដែលតម្លៃជួញដូរជាមធ្យមមានជាង ៤៣៥លានរៀលក្នុងមួយថ្ងៃ (ប្រមាណ ១០៨ពាន់ដុល្លារ)។ ដោយបន្តទទួលបានទំនុកចិត្តពីវិនិយោគិន សន្ទស្សន៍ ផមក បានកើនឡើងដល់ ៤២៣,០៦ ពិន្ទុ ឬកើនឡើង ២,៥% ក្នុងឆ្នាំ ២០២៥នេះ។
ដោយឡែក ការវិនិយោគពីបរទេសហាក់មានការកើនឡើងជាបន្តបន្ទាប់ក្នុងឆ្នាំ ២០២៥នេះ ពិសេសក្នុងខែធ្នូនេះ ការជួញដូរដោយវិនិយោគិនបរទេសមានរហូតដល់ ៤០,១៦%។ ក្នុងឆ្នាំ២០២៥នេះ វិនិយោគិនបរទេស បានទិញភាគហ៊ុន សរុបប្រមាណ ៥,៤២ លានភាគហ៊ុន និងបានលក់ចេញសរុបប្រមាណ ៥,៤៤ លានភាគហ៊ុនផងដែរ។ នេះបានបង្ហាញឱ្យ ឃើញថា វិនិយោគិនបរទេសមិនបានចាក់ចេញពីទីផ្សារកម្ពុជាទេ បើទោះបីជាស្ថានភាពទូទាំងសកលកំពុងជួបនូវបញ្ហាក្តី។
CSX បានឱ្យដឹងដែរថា «ក្នុងឆ្នាំ ២០២៥នេះ យើងក៏បានទទួលស្វាគមន៍នូវក្រុមហ៊ុនចុះបញ្ជីមូលបត្រកម្មសិទ្ធិថ្មីមួយផងដែរ គឺក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក ដែលត្រូវបានចុះបញ្ជី និងដាក់ឱ្យជួញដូរចាប់ពីថ្ងៃទី១០ ខែធ្នូ និងក្លាយជាក្រុមហ៊ុនទី១ ហើយ ដែលបានចុះបញ្ជីមូលបត្រកម្មសិទ្ធិ នៅផមក»។
បើក្រឡេកមកមើលទីផ្សារមូលបត្របំណុលវិញ ក្នុងឆ្នាំ ២០២៥ ក្រុមហ៊ុនចំនួន ៤ ដែលបានប្រមូលទុនសរុប ប្រមាណ ៣០៨ លានដុល្លារ ដោយរួមបញ្ចូលក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ ដែលបានប្រមូលទុននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ និងចុះបញ្ជីនៅក្នុងខែមករា ឆ្នាំ ២០២៦នេះ។ នេះគឺជាទំហំមួយដ៏ធំមួយ មិនធ្លាប់មាននៅផ្សារមូលបត្រកម្ពុជា ដែលបានបញ្ជាក់ពីលក្ខណៈពិសេសមួយរបស់ទីផ្សារមូលបត្រ ដែលជាប្រភពទុនមិនចេះរឹងស្ងួត។
CSX ចាត់ទុកថា ទីផ្សារមូលបត្រកម្ពុជាជានៅតែរក្សាបាននូវស្ថេរភាព ការគាំទ្រ និងទំនុកចិត្តពី វិនិយោគិនទាំងក្នុងស្រុក និងក្រៅប្រទេស បើទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ការចូលរួមវិនិយោគនៅក្នុងទីផ្សារ មូលបត្រកម្ពុជា មិនត្រឹមតែជាប្រភពចំណូលបន្ថែមសម្រាប់វិនិយោគិនប៉ុណ្ណោះទេ ប៉ុន្តែវារួមចំណែកក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិផងដែរ៕



