គម្រោងវិនិយោគចំនួន៤ នៅខេត្តក្រចេះ និងរតនគិរី ទុនវិយោគ ៣៥៥លានដុល្លារ ត្រូវបានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាកឦសាន បើកកិច្ចប្រជុំពិភាក្សា លើការអនុវត្តគោលការណ៍លើកទឹកចិត្តពិសេស និងសម្របសម្រួលនីតិវិធី
14-01-2026 16:00
(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិភាក្សាជំរុញការផ្តល់ការលើកទឹកចិត្តពិសេស ការអនុគ្រោះ និងការសម្របសម្រួលនីតិវិធីលើគម្រោងចំនួន ៣ ដែលទទួលបានការអនុម័តគោលការណ៍វិនិយោគពីរាជរដ្ឋាភិបាល នៅខេត្តក្រចេះ និងរតនៈគិរី និងការពិនិត្យទិដ្ឋភាពបច្ចេកទេសនៃគម្រោងទើបស្នើថ្មី ចំនួន១ គម្រោង នៅខេត្តក្រចេះ ។
គម្រោងទាំង ៤នេះ មានទុនវិយោគសរុប ៣៥៥ លានដុល្លារអាមេរិក និង អាចបង្កើតការងារប្រមាណ ១២ ៣០០ កន្លែង។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រីតំណាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ក្រសួងពាណិជ្ជកម្ម, ក្រសួងដែនដី នគរូបនីយកម្ម និង សំណង់, ក្រសួងបរិស្ថាន, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងតំណាងរដ្ឋបាលខេត្តខេត្តក្រចេះ និង ខេត្តរតនគិរី និងមន្ត្រីជំនាញពាក់ព័ន្ធ ។
រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍វិនិយោគលើគម្រោងចំនួន៣ រួចរាល់ហើយ គឺ១). ការបង្កើតគម្រោងសួនកសិ-ឧស្សាហកម្មចម្រុះ និងភណ្ឌាគារគយមានដែនកំណត់ របស់ក្រុមហ៊ុនថាហ្រ្គី-រតនគិរី ធ្វើកិច្ចសហការជាមួយក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ លើផ្ទៃដី ៣០០ហិកតា នៅខេត្តរតនគិរី, ២). ការបង្កើតគម្រោងសួនកសិ-ឧស្សាហកម្មចម្រុះ និងភណ្ឌាគារគយមានដែនកំណត់របស់ក្រុមហ៊ុនថាហ្រ្គី-ក្រចេះ សហការជាមួយក្រុមហ៊ុន សុវណ្ណ វុទ្ធី លើផ្ទៃដី ៣១០ហិកតា នៅខេត្តក្រចេះ, និង ៣). ការអនុញ្ញាតឱ្យក្រុមហ៊ុនឥណ្ឌូចិន រ៉ាប់ប៊ើ វិនិយោគលើគម្រោងដាំដើមឈើ ក្រោមលក្ខខណ្ឌនៃ «កិច្ចព្រមព្រៀងស្តារព្រៃឈើ» នៅខេត្តក្រចេះ។
ដោយឡែក, សម្រាប់គម្រោងទី ៤ របស់ក្រុមហ៊ុន ប្រារខេម សីលវីខលឆឺរា ឯ.ក នៅខេត្តក្រចេះ ក្រុមការងារបានពិនិត្យទិដ្ឋភាពបច្ចេកទេស នៃសំណើវិនិយោគរបស់ក្រុមហ៊ុន ដែលមានបំណងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម ដាំប្រភេទឈើនាំចូល (អាកាស្យាអ៊ីប្រីត ប្រេងខ្យល់ ការប៉ង់ឌុលលង់ស៊ីស និងប្រភេទឈើក្នុងស្រុក), បង្កើតរោងចក្រកែច្នៃឈើ ក្ដារបន្ទះ និងបង្កើតមន្ទីរពិសោធន៍បណ្ដុះពូជឈើ។
ជាលទ្ធផល, អង្គប្រជុំបានសម្រេច និងឯកភាពរួមគ្នា លើការកំណត់លក្ខខណ្ឌបច្ចេកទេស យន្តការ និង ការបំពេញនីតិវិធីនានា ដើម្បីបន្ត និងពន្លឿនការអនុវត្តការលើកទឹកចិត្តពិសេស ការអនុគ្រោះ និង ការសម្របសម្រួលនីតិវិធី ក្នុងការរៀបចំកិច្ចសន្យាសហការអភិវឌ្ឍវិនិយោគ សម្រាប់គម្រោងដែលទទួលបានគោលការណ៍វិនិយោគរួចរាល់ ពីរាជរដ្ឋាភិបាល និង បានស្វាគមន៍ចំពោះគម្រោងស្នើថ្មីផងដែរ។
លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ជូនអង្គប្រជុំថា ការអនុម័តគោលការណ៍វិនិយោគ គឺជាជំហានដ៏មានសារសំខាន់មួយ, ប៉ុន្តែទន្ទឹមនេះ ការផ្តល់ការលើកទឹកចិត្ត និងការផ្តល់ការអនុគ្រោះជាក់ស្តែង គឺជាការងារចាំបាច់ ដែល ក.វ.ឦសាន ត្រូវបំពេញ ហើយការងារនេះទៀតសោត ទាមទារឱ្យមានការឆ្លើយតបឱ្យបានទាន់ពេលវេលា ពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនអាចចាប់ផ្តើមសកម្មភាពវិនិយោគជាក់ស្តែងរបស់ខ្លួន បានទាន់ពេលវេលា ស្របតាមផែនការវិនិយោគរបស់ក្រុមហ៊ុន ប្រកបដោយទំនុកចិត្ត និង មានអនុលោមភាពគតិយុត្ត។
ទន្ទឹមនេះ, លោកបណ្ឌិតសភាចារ្យ បានគូសរំលេចអំពីសារសំខាន់នៃអភិក្រមការងារ “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” តាមរយៈ “យន្តការច្រកចេញ-ចូលតែមួយ” ក្នុងការផ្តល់ការលើកទឹកចិត្ត និងលិខិតអនុញ្ញាតទាំងឡាយដល់ក្រុមហ៊ុន ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ជាមួយនឹងការសម្រេចចិត្តរួមគ្នា នៅក្រោមការសម្របសម្រួលរួម របស់ក្រុមការងារ ក.វ.ឦសាន ដោយផ្អែកលើទិដ្ឋភាពច្បាប់ និង បច្ចេកទេសដែលមានជាធរមាន។
ជាចុងក្រោយ, លោកបណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រុមការងារបច្ចេកទេស បន្តពិនិត្យ និង ដោះស្រាយលើទិដ្ឋភាពបច្ចេកទេស និងនីតិវិធីពាក់ព័ន្ធ ឱ្យបានឆាប់រហ័ស និងផ្តល់ការលើកទឹកចិត្ត និងការអនុគ្រោះជាក់ស្តែងដល់ក្រុមហ៊ុន ស្របតាមគោលការណ៍វិនិយោគ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន នាពេលកន្លងមក៕









