ក្រុមការងារជំរុញការវិនិយោគ នៅភូមិភាគឦសាន ចុះពិនិត្យគម្រោងវិនិយោគបង្កើតកសិដ្ឋានដាំឈើ ទុនវិនិយោគ ១០០លានដុល្លារ នៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដែលស្នើសុំការលើកទឹកចិត្ត
13-01-2026 16:49
(ក្រចេះ)៖ លោក ស៊ឹម វីរៈ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគ នៅភូមិភាគឦសាន (ក.វ.ឦសាន) និងលោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានចូលរួមដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន ប្រារខេម សីលវីខលឆឺរា ឯ.ក (Bracam Sil Vicultura Co., Ltd.) ដែលបានស្នើការលើកទឹកចិត្តការអនុគ្រោះ និងការសម្រួលនីតិវិធី លើគម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម ស្ថិតនៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ក្រោមទុនវិនិយោគប្រមាណ ១០០ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារប្រមាណ ២០០កន្លែង។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្ត, តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, បរិស្ថាន, ដែនដី នគរូបនីយកម្ម និងសំណង់, តំណាងរដ្ឋបាលភូមិឃុំស្រុក ព្រមទាំងតំណាងក្រុមហ៊ុន និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ។
តាមរយៈគម្រោងនេះ, ក្រុមហ៊ុនមានបំណងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្មដាំប្រភេទឈើនាំចូល (អាកាស្យាអ៊ីប្រីតប្រេងខ្យល់ ការប៉ង់ឌុលលង់ស៊ីស និងប្រភេទឈើក្នុងស្រុក), បង្កើតរោងចក្រកែច្នៃឈើ ក្ដារបន្ទះ និងបង្កើតមន្ទីរពិសោធន៍បណ្ដុះពូជឈើ។
សូមជម្រាបជូនថា ក្រុមហ៊ុន ប្រារខេម សីលវីខលឆឺរា ឯ.ក មានទីស្នាក់ការធំនៅប្រទេសចិន ហើយបច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងបណ្តាក់ទុនធ្វើអាជីវកម្មនៅប្រទេសកម្ពុជា តាមរយៈការបង្កើត និងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី នៅខេត្តព្រះសីហនុ និងខេត្តកោះកុង ដោយផ្តោតជាសំខាន់លើការផលិតគ្រឿងសង្ហារឹម។
កន្លងមក, ក្រុមហ៊ុនតែងតែនាំចូលវត្ថុធាតុដើមពីប្រទេសថៃ វៀតណាម ប្រេស៊ីល និងអាម៉េរិក ប៉ុន្តែតាមរយៈគម្រោងនេះ ក្រុមហ៊ុនសង្ឃឹមថា នឹងអាចបង្កើត និងផ្គត់ផ្គង់វត្ថុធាតុដើម ដែលផលិតក្នុងប្រទេសកម្ពុជា ដែលអាចចូលរួមបង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ការបង្កើនតម្លៃបន្ថែមតាមរយៈការកែច្នៃ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស។
ជារួម, អង្គប្រជុំបានស្វាគមន៍គម្រោងវិនិយោគនេះ ដែលនឹងចូលរួមបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានបង្កើតការងារ កាត់បន្ថយការធ្វើពលករចំណាកស្រុករបស់ប្រជាពលរដ្ឋមូលដ្ឋាន និងបានបង្ហាញឆន្ទៈក្នុងការផ្តល់កិច្ចសហការគាំទ្រ តាមដែនសមត្ថកិច្ចរៀងៗខ្លួន។
លោក ស៊ឹម វីរៈ ប្រធានលេខាធិការដ្ឋាន ក្រុមការងារជំរុញការវិនិយោគ នៅភូមិភាគឦសាន បានលើកទឹកចិត្តឱ្យអនុគណៈកម្មាធិការវិនិយោគ ខិតខំពង្រឹងសមត្ថភាពបច្ចេកទេស នៅក្នុងការគ្រប់គ្រងទិន្នន័យ ការផ្តល់សេវា និងការថែទាំគម្រោងវិនិយោគនៅក្នុងខេត្តរបស់ខ្លួន។
ជាមួយគ្នានេះ, លោកក៏បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ រួមទាំងរដ្ឋបាលមូលដ្ឋានភូមិ ឃុំ ស្រុក ចូលរួមទាក់ទាញ និងថែរក្សាវិនិយោគ ដោយផ្តល់នូវការគាំទ្រចាំបាច់នានា នៅតាមដែនសមត្ថកិច្ចរបស់ខ្លួន ចៀសវាងការបង្កការរំខានណាមួយ ដែលធ្វើឱ្យរាំងស្ទះដល់ដំណើរការវិនិយោគ។
លោកបានគូសបញ្ជាក់ពីសារសំខាន់នៃការពង្រឹងយន្តការ «ច្រកចេញចូលតែមួយ» ក្នុងការសម្របសម្រួលអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលផ្អែកលើការសម្រេចចិត្តរួមគ្នា ដោយតម្លាភាព និងប្រសិទ្ធភាព ព្រោះថា វិស័យឯកជនត្រូវការចាំបាច់នូវការសម្របសម្រួលជាប្រព័ន្ធ ដែលអាចជឿទុកចិត្តបាន ផ្តល់ភាពងាយស្រួល ឆាប់រហ័ស និងមានអនុលោមភាពគតិយុត្ត។
បន្ទាប់ពីកិច្ចប្រជុំខាងលើ, ក្រុមការងារបានចុះពិនិត្យទីតាំងជាក់ស្តែង សម្រាប់គម្រោងវិនិយោគបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម ដែលមានទីតាំងនៅស្រុកអូរគ្រៀលសែនជ័យ ដើម្បីក្តាប់បាននូវស្ថានភាពជាក់ស្តែងនៃទីតាំងវិនិយោគ ទិដ្ឋភាពភូមិសាស្ត្រ និងបច្ចេកទេសនៃគម្រោង ក៏ដូចជា បញ្ហាប្រឈមដែលអាចមានជាយថាហេតុ ដើម្បីប្រមូលធាតុចូលពាក់ព័ន្ធ ឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ មុននឹងដាក់ចូលក្នុងកិច្ចប្រជុំក្រុមការងារ ក.វ.ឦសាន ដើម្បីពិនិត្យ និងសម្រេចផ្តល់គោលការណ៍វិនិយោគ នាពេលដ៏ឆាប់ខាងមុខ៕









