ធនាគារជាតិនៃកម្ពុជា សម្រេចលើកលែងសោហ៊ុយ អាជ្ញាបណ្ណប្រចាំឆ្នាំ២០២៦ សម្រាប់សាខារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងខេត្ដជាប់ព្រំដែនថៃ (Video inside)
13-01-2026 15:02
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានសម្រេចលើកលែងសោហ៊ុយ អាជ្ញាបណ្ណប្រចាំឆ្នាំ២០២៦ សម្រាប់សាខារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងខេត្ដជាប់ព្រំដែនថៃចំនួន៥ ដែលបានរងគ្រោះដោយការវាយប្រហារ របស់យោធាថៃ។ នេះបើតាមលិខិតរបស់ធនាគារជាតិនៃកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងលិខិតបានបញ្ជាក់ថា «ដើម្បីសម្រាលបន្ទុកដល់គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ ដែលកំពុងរងផលប៉ះពាល់ខ្លាំង ពីការវាយប្រហាររបស់យោធាថៃ តាមព្រំដែន ធនាគារជាតិនៃកម្ពុជា សម្រេចលើកលែងសោហ៊ុយ អាជ្ញាបណ្ណប្រចាំឆ្នាំ២០២៦ សម្រាប់សាខាស្រុករបស់គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ ដែលមានទីតាំងក្នុង ១/-ខេត្តព្រះវិហារ ២/-ខេត្តបន្ទាយមានជ័យ ៣/-ខេត្តឧត្តរមានជ័យ ៤/-ខេត្តពោធិ៍សាត់ និង៥/-ខេត្តបាត់ដំបង ដូចមាននៅក្នុងឧបសម្ព័ន្ធ»៕


