កម្ពុជានឹងដាក់ឲ្យប្រើប្រាស់យន្ដហោះ Boeing 737 MAX របស់អាមេរិក ក្នុងប្រតិបត្តិការក្រុមហ៊ុនអាកាសចរណ៍ជាតិ នៅឆ្នាំ២០៣១ (Video inside)
13-01-2026 14:41
(ភ្នំពេញ)៖ កម្ពុជានឹងដាក់ឲ្យប្រើប្រាស់យន្ដហោះ Boeing 737 MAX នៅក្នុងឆ្នាំ២០៣១ ខាងមុខនេះ បន្ទាប់ពីសម្រេចនូវកិច្ចព្រមព្រៀង ជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ ខេមបូឌា (Air Cambodia/ K6) និងក្រុមហ៊ុនប៊ូអ៊ីង (Boeing) របស់អាមេរិក។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ដឹកនាំមន្ត្រីជំនាញជាន់ខ្ពស់ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងមន្ត្រីជាន់ខ្ពស់ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ ខេមបូឌា ធ្វើទស្សនកិច្ចផ្លូវការ និងស្វែងយល់ពីក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង (Boeing) នៅទីក្រុង Seattle សហរដ្ឋអាម៉េរិក។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រាប់បណ្តាញព័ត៌មាន Fresh News។
លោកបណ្ឌិតរដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ ខេមបូឌា (Air Cambodia/K6) និងក្រុមហ៊ុនប៊ូអ៊ីង (Boeing) ដែលបានសម្រេចនូវកិច្ចព្រមព្រៀង ជាប្រវត្តិសាស្ត្រលើការទទួលទិញយន្តហោះ Boeing 737 MAX ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅកម្ពុជា ក្នុងឆ្នាំ២០៣១ ខាងមុខនេះ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់យន្តហោះ Boeing 737 MAX នៅកម្ពុជា នឹងនាំមកនូវសារៈប្រយោជន៍ជាយុទ្ធសាស្ត្រ ដូចខាងក្រោម៖
១៖ រួមចំណែកដល់ការពង្រឹងចក្ខុវិស័យ ដល់វិស័យអាកាសចរណ៍កម្ពុជា ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចទេសចរណ៍ សង្គម និងវប្បធម៌ឱ្យមានការរីកចម្រើន ប្រកបដោយចីរភាពនៅកម្ពុជា
២៖ ឆ្លើយតបទៅនឹងការរីកចម្រើន នូវហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិ និងជួយបំពេញនូវតម្រូវការអ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជា ដែលមានកំណើនជាមធ្យមដល់ ១៤% ជារៀងរាល់ឆ្នាំ
៣៖ ជួយផ្តល់ផលប្រយោជន៍ជាអតិបរិមាណ ដល់ប្រតិបត្តិករក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ជួយសន្សំសំចៃ ប្រេងឥន្ធនៈ ផ្តល់ភាពជឿទុកចិត្តបាន នៃប្រព័ន្ធដំណើរការហោះហើរ និងផ្តល់លទ្ធភាពបើកជើងហោះហើរថ្មីបន្ថែមទៀត ទៅកាន់ទីផ្សារអាស៊ាន និងអាស៊ីប៉ាស៊ីហ្វីកឱ្យកាន់តែទូលំទូលាយ
៤៖ ជួយបង្កើនសមត្ថភាពអ្នកជំនាញបច្ចេកទេសជនជាតិខ្មែរ ដូចជាអ្នកបើកបរយន្តហោះ វិស្វករយន្តហោះ អ្នកបច្ចេកទេសជួសជុល និងថែទាំយន្តហោះ តាមការបណ្តុះបណ្តាល និងផ្ទេរចំណេះដឹងពីបច្ចេកវិទ្យាយន្តហោះ
៥៖ រួមគ្នាក្នុងការបន្តការអភិវឌ្ឍន៍ប្រព័ន្ធអាកាសចរណ៍ឆ្លាតវៃសម័យទំនើប ប្រកបដោយចីរភាព និងមានការតភ្ជាប់កាន់តែប្រសើរ ដែលនឹង៖
* ពង្រឹងអធិបតេយ្យភាពអាកាសចរណ៍ និងសមត្ថភាពឧស្សាហកម្មរបស់កម្ពុជា
* ពង្រីកការតភ្ជាប់អ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ទូទាំងពិភពលោក
* ជំរុញកំណើនទេសចរណ៍ និងការវិនិយោគអន្តរជាតិ
* បង្កើតការងារអាកាសចរណ៍ដែលមានជំនាញខ្ពស់ និងតម្លៃបន្ថែមដល់ប្រជាជនកម្ពុជា
* គាំទ្រពិធីសារអាកាសចរណ៍បៃតង និងការរីកចម្រើនសេដ្ឋកិច្ចប្រកបដោយចីរភាព
* លើកកម្ពស់មុខមាត់អាកាសចរណ៍របស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។
បើតាមលោក ស៊ីន ចាន់សិរីវុត្ថា, ក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ ខេមបូឌា បានបញ្ចប់ការបញ្ជាទិញយន្តហោះប្រភេទ យន្តហោះប៊ូអ៊ីង 737 ម៉ាក្ស (Boeing 737 MAX) ចំនួន ១០ គ្រឿងជាផ្លូវការរួចរាល់ហើយ ដែលបង្ហាញពីការជឿជាក់យ៉ាងខ្លាំង លើកំណត់ត្រាសុវត្ថិភាព សមត្ថភាពបច្ចេកវិទ្យាកម្រិតខ្ពស់ ប្រកបដោយនវានុវត្តន៍ និងប្រសិទ្ធភាពសេដ្ឋកិច្ច របស់យន្តហោះប្រភេទនេះ។
ជាមួយគ្នានេះ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ឲ្យដឹងផងដែរថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ ខេមបូឌា នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ LOGO ថ្មី និងសម្ពោធយន្ដហោះប្រភេទថ្មី ATR72-600 ក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ៕











