FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-​ថៃ មាន​​ទឹកប្រាក់ជាង ៣.៦ពាន់លាន​ដុល្លារ ធ្លាក់​ចុះជិត១៥% ក្នុងឆ្នាំ២០២៥ ខណៈការនាំចូលពីថៃធ្លាក់ចុះ ១៥% (Video inside)

12-01-2026 16:20

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៥ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-​ថៃ ​​​មានទំហំជាង ៣.៦ពាន់លាន​ដុល្លារ ធ្លាក់​ចុះ ​១៤.៨៦% ដែលធ្វើឱ្យថៃ​នៅតែ​ជា​ដៃគូពាណិជ្ជកម្ម​​ធំ​ជាង​គេ​ទី​៤ របស់​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន អាមេរិក និង​វៀតណាម​។

យោងតាមទិន្នន័យ​​​ដែលទទួលបានពីក្រសួងពាណិជ្ជកម្ម បានបង្ហាញ​ថា បើទោះបីជា ភាគីទាំងពីរមានជម្លោះជាមួយគ្នា ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥មក ហើយពលរដ្ឋខ្មែរចាប់ផ្តើមពហិការឈប់ប្រើប្រាស់ទំនិញថៃក៏ដោយ ប៉ុន្តែការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែសកម្ម។

តួយ៉ាងក្នុងឆ្នាំ​២០២៥ ​ការ​នាំ​ចេញ​នាំចូល​ទំនិញ​រវាង​កម្ពុជា-​ថៃ មាន​ទឹក​ប្រាក់​សរុបជាង ៣.៦ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ ១៤.៨៦% ​បើ​ធៀប​​​​ឆ្នាំ​ ២០២៤​ ដែលមានតម្លៃ ជាង៤.២ពាន់លានដុល្លារ។ ​ក្នុងនោះ​​ថៃ​នាំ​ចូលទំនិញ​មក​​​កម្ពុជាមានតម្លៃ ២.៩​ពាន់លានដុល្លារ ថយចុះ ១៥.០៤% ស្របពេលកម្ពុជា​នាំ​ចេញទៅ​ថៃវិញ មានតម្លៃជាង ៧៣២​លាន​ដុល្លារ ថយចុះ ១៤.១៥%។​

ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អេចប្រេស ខេមបូឌា និងជាអ្នកជំនាញក្នុងវិស័យភស្តុភារកម្ម និងដឹកជញ្ជូន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះថា បើទោះបីជាប្រទេសកម្ពុជា និងថៃ មានជម្លោះជាមួយគ្នាក៏ដោយ ប៉ុន្តែនាំចេញនាំចូលរវាងប្រទេសទាំងពីរនៅតែមានដំណើរ តែយ៉ាងណា​ស្របពេលពលរដ្ឋកម្ពុជានាំគ្នា​ពហិការឈប់ប្រើប្រាស់ទំនិញថៃ ការនាំចូលមុខទំនិញមួយចំនួន ដូចជា ភេសជ្ជៈ អាហារកែច្នៃមួយចំនួន ប្រេងឥន្ធនៈ បន្លែ ផ្លែឈើ មិនត្រូវបាននាំចូលទៀតឡើយ។

បើយោងតាមតួលេខ បើទោះបីជាពលរដ្ឋកម្ពុជានាំគ្នា ពហិការឈប់ប្រើប្រាស់ទំនិញថៃ ក៏ប៉ុន្តែទិន្ន​ន័យនៃការធ្វើពាណិជ្ជរវាងប្រទេសទាំងពីរធ្លាក់ចុះតិចតួចប៉ុណ្ណោះ។ ជុំវិញករណីនេះ ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី បានឱ្យដឹងថា ការពហិការឈប់ប្រើប្រាស់ទំនិញថៃភាគច្រើន គឺជាទំនិញដែលប្រើប្រាស់ចុងក្រោយ ឬទំនិញសម្រេច ដូចជាប្រេងឥន្ធនៈ បន្លែផ្លែឈើ ភេសជ្ជៈ និងគ្រឿងបរិភោគផ្សេង។ ប៉ុន្តែសម្រាប់ទំនិញ សម្ភារ និងវត្ថុធាតុដើមដែលប្រើប្រាស់ចាំបាច់សម្រាប់បម្រើដល់ឧស្សាហកម្ម​ ផលិតកម្ម ដូចជា ​គ្រឿងបង្គុំ ​​គ្រឿងបន្លាស់ គ្រឿងដំឡើង គ្រឿងសម្រាប់ជួសជុល វត្ថុធាតុដើមសម្រាប់ឧស្សាហកម្ម នៅតែមានការនាំចូលតាមផ្លូវទឹក បន្ទាប់ពីប្រទេសពីរបានបិទព្រំដែនគោក។

លោកបានបញ្ជាក់ថា «ការដោះដូរទំនិញរវាងកម្ពុជា និងថៃ នៅតែមានដំណើរការ ដោយមានការនាំចេញនាំចូលនូវសម្ភារ និងវត្ថុដែលចាំបាច់មួយចំនួន សម្រាប់បម្រើដល់ឧស្សាហកម្ម បម្រើដល់ការជួសជុល និងគ្រឿងបន្លាស់ជាច្រើន ដែលបម្រើដល់ផលិតកម្ម។ ដូច្នេះហើយដំណើរការដឹកជញ្ជូនក៏មិនបានឈប់ឈរដែរ ដោយបង្វែរមកដឹកជញ្ជូនតាមផ្លូវទឹក»​៕