FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យល់ដឹងពីជំនួញ៖ ផ្សារបោះដុំដែលក្រសួងពាណិជ្ជកម្មគ្រោងបង្កើតឡើង នឹងក្លាយជាយន្តការមួយទៀត ក្នុងការដោះស្រាយបញ្ហាកកស្ទះ និងថ្លៃកសិផល

11-01-2026 16:29

(ភ្នំពេញ)៖ ផ្សារបោះដុំដែលក្រសួងពាណិជ្ជកម្មគ្រោងបង្កើតឡើង នឹងក្លាយជាយន្តការមួយទៀត ក្នុងការដោះស្រាយបញ្ហាកកស្ទះ និងថ្លៃកសិផល តាមរយៈការរៀបចំកន្លែងប្រមូលផ្តុំទិញលក់ នៅជិតតំបន់ផលិតកម្ម ខណៈបច្ចុប្បនេះ ក្រសួងពាណិជ្ជកម្ម កំពុងសិក្សាលទ្ធភាពក្នុងការបង្កើតទីផ្សារបោះដុំនេះ ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៦ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម នឹងបន្តបេសសកម្ម ក្នុងការបង្កើតផ្សារបោះដុំ ដើម្បីសម្រួលដល់ការប្រមូលទិញកសិផល និងការលក់ផលិតផលខ្មែរ តាមរយៈការរៀបចំកន្លែងប្រមូលផ្តុំទិញលក់ នៅជិតតំបន់ផលិតកម្ម សំដៅដល់ការទ្រទ្រង់ការជ្រើស វេចខ្ចប់ និងចែកចាយទំនិញ ដែលមានការធានារក្សាទុក និងគុណភាពពិសេសចំពោះទំនិញ កសិផលដែលងាយខូច។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការបង្កើតផ្សារលក់ដុំ នឹងជួយសម្រួលដល់ការលក់ ទំនិញរបស់កសិករ ធានាបាននូវគុណភាព ថ្លៃសមរម្យ និងស្ថិរភាពក្នុងការចែកចាយ។

លោកបន្ថែមថា គម្រោងនេះត្រូវបានឯកភាពដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ទៅក្នុងបញ្ជីគម្រោង សក្តានុពលភាពជាដៃគូរដ្ឋនិងឯកជន។

លោកបានលើកឡើងទៀតថា «ក្នុងការធានានូវការតភ្ជាប់ទីផ្សារក្នុងស្រុក ការជំរុញការផ្សព្វផ្សាយព័ត៌មានទីផ្សារ ការគាំទ្រផលិតផលខ្មែរ តាមរយៈការបង្កើតទីផ្សារលក់ដុំ និង មជ្ឈមណ្ឌលពាណិជ្ជកម្មនានា ដើម្បីធានាការចែកចាយទំនិញប្រកបដោយគុណភាពឱ្យបានគ្រប់ទីកន្លែង និងមានថ្លៃសមរម្យអាចឆ្លើយតបទៅតាមតម្រូវការអ្នកប្រើប្រាស់»