ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ ក្រុមហ៊ុនអាមេរិកមួយ សន្យាមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុងទំហំទុន ៥០០ទៅ១ពាន់លានដុល្លារ បន្ទាប់ពីការចរចាពន្ធបដិការចប់សព្វគ្រប់ (Video inside)
09-01-2026 17:55
(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុនអាមេរិកមួយសន្យាមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុងទំហំទុនវិនិយោគចាប់ពី ៥០០ទៅ ១ពាន់លានដុល្លារ បន្ទាប់ពីការចរចាពន្ធបដិការចប់សព្វគ្រប់ជាមួយអាមេរិក។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះ នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦នេះ នាឱកាសតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី បិទសន្និបាទបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៥ និងលើកទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ឱ្យដឹងថា «យើងខ្ញុំបានជួបក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិក ហើយក្រុមហ៊ុននោះបានទិញគ្រឿងបរក្ខាពេទ្យ សម្ភារពេទ្យពីយើងទៅ ហើយនឹងទិញច្រើនថែមទៀត ក្រុមហ៊ុនដដែលដែរ មានក្រុមហ៊ុននៅប្រទេសវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី គាត់បានជួប និងបានបញ្ជាក់ថា នឹងមកដាក់ទុកនៅកម្ពុជា ដោយសារបានចរចាចប់សព្វគ្រប់ អីចឹងអាចទទួលនូវការដាក់ទុកដ៏ធំមួយរបស់ក្រុមហ៊ុននេះអាចពី ៥០០លានដុល្លារ ទៅ ១០០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើតរោងចក្រនៅកម្ពុជា»។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ដោយសារការចរចារចប់សព្វគ្រប់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាមេរិកនេះ បានធ្វើឱ្យក្រុមហ៊ុនធំរបស់សហរដ្ឋអាមេរិក បានសម្រេចចិត្តមកដាក់ទុន នៅក្នុងប្រទេសកម្ពុជាជាបន្តន្ទាប់។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ទន្ទឹមនឹងនេះ កម្ពុជាក៏នៅតែបន្តចរចាជាមួយភាគីសហរដ្ឋអាម៉េរិក ដើម្បីផ្តល់ការបញ្ចុះពន្ធគយបដិការបន្ថែមទៀត ជាមួយសហរដ្ឋអាម៉េរិក ទៅលើវិស័យអាទិភាពមួយចំនួន រួមមាន វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ ដែលវិស័យទាំងនេះអាចស្រូបទាញកម្លាំងពលកម្មច្រើន ជាពិសេសផ្តល់ឱកាសការងារ យ៉ាងច្រើនដល់ស្ត្រី និងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជន។ ជាពិសេស វិស័យទាំងនេះ សហរដ្ឋអាម៉េរិកមិនមានតម្រូវការការពារឧស្សាហកម្មនៅក្នុងប្រទេស របស់ខ្លួននោះទេ៕
