ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កម្ពុជារង់ចាំមើលថាតើតុលាការកំពូលអាមេរិក លុបចោលពន្ធបដិការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ឬយ៉ាងណា? (Video inside)
09-01-2026 17:47
(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានថ្លែងបញ្ជាក់ឱ្យដឹងថា មកដល់ពេលនេះ កម្ពុជាកំពុងតែរង់ចាំសេចក្តីសម្រេចរបស់តុលាការកំពូលរបស់សហរដ្ឋអាមេរិក ដើម្បីសម្រេចលុបចោលនូវពន្ធបដិការ ដែលបានដាក់មកលើកម្ពុជា ខណៈដែលកម្ពុជាជាប្រទេសទី១ ដែលបានធ្វើការចរចាចប់សព្វគ្រប់ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការនេះជាមួយអាមេរិក។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះ នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦នេះ នាឱកាសតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី បិទសន្និបាទបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៥ និងលើកទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ឱ្យដឹងថា «កម្ពុជាយើងជាប្រទេសទី១ ដែលបានធ្វើការចរចាចប់សព្វគ្រប់ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ប្រទេសមួយចំនួនទៀត នៅក្នុងពិភពលោកបានត្រឹមតែចុះកិច្ចព្រមព្រៀងក្របខណ្ឌ អាចមានមួយទំព័រ ឬពីរទំព័រ ប៉ុន្តែយើងបានចប់ទាំងអស់ បានចប់ទាំងស្រុងតែម្តង ប្រទេសម៉ាឡេស៊ី ជាប្រទេសទី២ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាមេរិក [..] យើងធ្វើកិច្ចការនេះបានលឿនល្អ ប៉ុន្តែយើងមិនទាន់ដឹងថាតើខែនេះ ឬខែក្រោយ តុលាការកំពូលសហរដ្ឋអាមេរិក លោកអាចលុបចោល អ្វីដែលប្រធានាធិបតី ដូណាល់ ត្រាំ លោកបានដាក់ចេញនូវអត្រាពន្ធនេះ ឬយ៉ាណានោះទេ យើងមិនទាន់ដឹងនោះទេ»។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមទៀតថា ដោយសារយើងបានធ្វើកិច្ចការនេះចប់សព្វគ្រប់មុនគេ យើងមិនសូវមានហានិភ័យលើបញ្ហាពន្ធនេះច្រើននោះទេ ដោយសារទោះជាតុលាការកំពូល លុបចេញនូវពន្ធបដិការនេះដ៏ដោយ ប៉ុន្តែប្រធានាធិបតី ដូណាល់ ត្រាំ លោកមានប្រទេសច្រើនណាស់ ដែលបានដាក់ពន្ធបដិការនេះ, ដោយសារយើងបានចរចាដោយស្មោះត្រង់ជាមួយសហរដ្ឋអាមេរិក យើងមិនសូវមានហានិភ័យច្រើននោះ ហើយយើងនៅតែបន្តរង់ចាំថា តើតុលាការកំពូលរបស់សហរដ្ឋអាមេរិក នឹងសម្រេចបែបណានោះ?។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ដោយសារការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានធ្វើការចរចាចប់សព្វគ្រប់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាមេរិកហើយនោះ នឹងជួយយើងក្នុងការកាត់បន្ថយហានិភ័យបានច្រើនទៅលើបញ្ហាពន្ធនេះ, ជាមួយគ្នានោះកម្ពុជាក៏កំពុងបន្តធ្វើកិច្ចការងារនេះជាបន្តបន្ទាប់ទៀត មិនបាននៅស្ងៀមនោះទេ។
គួររំលឹកថា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃទី២ ខែមេសា នៅសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចកំណត់ពន្ធគយលើទំនិញនាំចូលពីកម្ពុជា ប្រមាណ ៤៩%។ បន្ទាប់ពីការកំណត់យកពន្ធក្នុងអត្រា ៤៩%នេះ។ បន្ទាប់ពីការចរចាពន្ធបដិការវាងកម្ពុជា និងអាមេរិក ដែលក្រុមការងារចំពោះកិច្ចរបស់កម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាអនុប្រធានក្រុមការងារ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ អាមេរិកបានសម្រេចទម្លាក់អត្រាពន្ធពី ៤៩% មកនៅ ៣៦%។ អត្រា៣៦% នេះមិនមែនជាការបិទផ្លូវចរចានោះទេ គឺកម្ពុជានៅមានលទ្ធភាពចរចាឱ្យបញ្ចុះអត្រាពន្ធថែមទៀត។ ទើបនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចទម្លាក់អត្រាពន្ធពី ៣៦% មកនៅត្រឹម ១៩%៕
ក្នុងចំណោមប្រទេស ដែលចរចាពន្ធបដិកាជាមួយសហរដ្ឋអាមេរិក កម្ពុជាគឺជាប្រទេសដែលទទួលបានការបញ្ចុះពន្ធច្រើនគេ នៅលើពិភពលោក គឺចុះពី៤៩% មក១៩% ដោយចុះបាន៣០ពិន្ទុ ឬប្រមាណ៦១.២%៕
