ធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឲ្យធនាគារព្រីនស៍ បន្ដធ្វើប្រតិបត្តិការទៀតឡើយ ចំពោះអតិថិជនដែលបានដាក់ប្រាក់បញ្ញើ អាចដកប្រាក់បានជាធម្មតា និងអតិថិជនដែលបានកម្ចីប្រាក់ត្រូវបន្ដបង់ប្រាក់ជាធម្មតា
08-01-2026 11:01
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានជូនដំណឹងពីការផ្អាកមិនអនុញ្ញាតឲ្យធនាគារព្រីនស៍ បន្ដធ្វើប្រតិបត្តិការនានាទៀតឡើយ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន។ ដោយឡែកចំពោះអតិថិជនដែលបានដាក់ប្រាក់បញ្ញើ អាចអញ្ជើញរៀបចំឯកសារមកដកប្រាក់បានជាធម្មតា និងអតិថិជនដែលបានកម្ចីប្រាក់ត្រូវបន្ដបង់ប្រាក់ជាធម្មតា។
យោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះបានបញ្ជាក់ថា «ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ធនាគារព្រីនស៍ ម.ក ត្រូវបានដាក់ឱ្យជម្រះបញ្ជីស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ធនាគារជាតិនៃកម្ពុជា បានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក (Morisonkak MKA audit- accounting Co., Ltd) ជាអ្នកជម្រះបញ្ជីធនាគារព្រីនស៍ ម.ក»។
ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា អាស្រ័យហេតុនេះធនាគារព្រីនស៍ ម.ក ត្រូវបានផ្អាកមិនឱ្យផ្តល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន។ ក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក នឹងទទួលបានសិទ្ធិគ្រប់គ្រង និងចាត់ចែងលើរាល់ប្រតិបត្តិការ និងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍ ម.ក ចាប់ពីពេលជូនដំណឹងនេះតទៅ។
ដោយឡែកចំពោះអតិថិជន ដែលមានប្រាក់បញ្ញើនៅធនាគារព្រីនស៍ ម.ក គឺអាចទៅដកប្រាក់បានធម្មតា ដោយត្រូវរៀបចំឯកសារ ដើម្បីដកប្រាក់បញ្ញើ ដែលនឹងមានការចាត់ចែងជូនទៅតាមលំដាប់អាទិភាព ស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ទន្ទឹមនេះចំពោះអ្នកខ្ចីប្រាក់ពីធនាគារព្រីនស៍ ម.ក គឺត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី។
ធនាគារជាតិនៃកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នខ្ពស់បំផុត លើការអនុវត្តរបស់អភិបាលកិច្ចបណ្តោះអាសន្ន ដើម្បីការពារផលប្រយោជន៍អ្នកដាក់ប្រាក់បញ្ញើ ក៏ដូចជាអតិថិជននានា៕


