ADB: កម្ពុជាត្រូវតែបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ដើម្បីទាក់ទាញវិនិយោគផ្ទាល់ពីបរទេស តាមរយៈការជំរុញការវិនិយោគលើវិស័យចំនួនបី (Video inside) ន
17-10-2025 10:35
(ភ្នំពេញ)៖ លោក Anthony Gill នាយកស្តីទី ADB ប្រចាំប្រទេសកម្ពុជា បានថ្លែងឲ្យដឹងថា ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ដើម្បីទាក់ទាញ វិនិយោគផ្ទាល់ពីបរទេសកម្ពុជា ត្រូវតែបង្កើនការជំរុញវិនិយោគលើវិស័យចំនួន៣រួមមាន វិស័យហេដ្ឋារចនាសម្ព័ន្ធ, បរិយាកាសធុរកិច្ច និងធនធានមនុស្ស។
ការលើកឡើងរបស់លោក Anthony Gill ក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «មូលដ្ឋានជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា»។
លោកបានបន្ដថា ការវិនិយោគលើវិស័យចំនួន៣នឹងធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញរួមមាន៖
១៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ៖ ថ្លៃអគ្គិសនីនៅកម្ពុជាគឺជិតទ្វេដងនៃថ្លៃអគ្គិសនីនៅប្រទេសវៀតណាម ការចំណាយខ្ពស់លើថាមពល ការដឹកជញ្ជូន និងតម្រូវការឡូជិសស្ទិចផ្សេងទៀតសម្រាប់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល រារាំងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងវិស័យផ្សេងៗ។
២៖ បរិយាកាសធុរកិច្ច៖ ក្របខណ្ឌច្បាប់សម្រាប់ធុរកិច្ច ការប្រកួតប្រជែងទីផ្សារ និងការការពារការបាត់សមត្ថភាពហិរញ្ញវត្ថុ ក្នុងវិស័យធុរកិច្ចរបស់កម្ពុជា បានបោះជំហានទៅមុខយ៉ាងខ្លាំងដោយសារកំណែទម្រង់នាពេលថ្មីៗនេះ ប៉ុន្តែវឌ្ឍនភាពក្នុងការប្រតិបត្តិកំណែទម្រង់ទាំងនេះ ក៏ដូចជាការកែលម្អអភិបាលកិច្ច នៅមានភាពយឺតយ៉ាវនៅឡើយ។ ជំនួយបច្ចេកទេសរបស់ ADB កំពុងសិក្សាបទប្បញ្ញត្តិគ្រប់គ្រងទីផ្សារផលិតផលរបស់កម្ពុជា ហើយនឹងគាំទ្ររាជរដ្ឋាភិបាល ក្នុងការរៀបចំកំណែទម្រង់ទប្បញ្ញត្តិ ដើម្បីជំរុញកំណើនផ្នែកឯកជនក្នុងវិស័យអាទិភាពរបស់ប្រទេស។
៣៖ ធនធានមនុស្ស៖ កម្លាំងពលកម្មដែលមានសុខភាពល្អ ជំនាញខ្ពស់ និងភាពបត់បែន នឹងផ្តល់ទំនុកចិត្តដល់វិនិយោគិនបរទេស ដើម្បីធានាថាសហគ្រាសរបស់ពួកគេអាចរីកចម្រើននៅកម្ពុជា។
លោកបានបន្ដថា ចំពោះកម្លាំងពលកម្មវ័យក្មេងរបស់កម្ពុជា គឺជាគុណសម្បត្តិដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេស ប៉ុន្តែសក្តានុពលពេញលេញ របស់កម្លាំងពលកម្មទាំងនេះ មិនទាន់ត្រូវបានសម្រេចនៅឡើយទេ ដោយសារកង្វះការអប់រំ និងជំនាញ។ ដូច្នេះខណៈពេលដែលប្រទេសជឿនលឿន នៅតំបន់អាស៊ីកំពុងប្រឈមបញ្ហា នៃកំណើនចំនួនប្រជាជនវ័យចំណាស់ ប្រទេសកម្ពុជា កំពុងមានគុណសម្បត្តិ ដោយមានកម្លាំងពលកម្មវ័យក្មេងច្រើន ក្នុងនោះជាង៦០% នៃប្រជាពលរដ្ឋកម្ពុជាមានអាយុក្រោម ៣ ឆ្នាំ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេស ដែលមានប្រជាពលរដ្ឋវ័យក្មេងជាងគេមួយ ក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោកបានបន្ដថា ប៉ុន្តែគុណសម្បត្តិប្រជាសាស្ត្រនេះ នឹងមិនអាចបំពេញសក្តានុពលពេញលេញទេ ប្រសិនបើកម្ពុជាមិនបង្កើនការបណ្តុះបណ្តាលជំនាញ ក្នុងប្រព័ន្ធអប់រំរបស់ខ្លួន។ ក្នុងនោះការអប់រំជាមូលដ្ឋាន ទាន់បានបង្កើនសមត្ថភាពពេញលេញ សម្រាប់ជំនាញគណនា និងជំនាញអាន និងសរសេរនៅឡើយទេ។ នៅកម្រិតមធ្យមសិក្សា ADB កំពុងជួយរាជរដ្ឋាភិបាលក្នុងការបង្កើនគុណភាព និងអត្ថប្រយោជន៍ជាក់ស្តែងនៃផ្នែក STEM ដើម្បីជួយដោះស្រាយបញ្ហាខាងលើ។
លោកបានបញ្ជាក់ថា ទីផ្សារការងារនៅប្រឈមនឹងភាពមិនស៊ីសង្វាក់គ្នានៃជំនាញ ដោយប្រមាណ៨៥% នៃកម្លាំងការងាររបស់កម្ពុជា មិនទាន់បានបញ្ចប់មធ្យមសិក្សាទុតិយភូមិ ហើយក្រុមហ៊ុនជារឿយៗ នៅពិបាកក្នុងការរើសបុគ្គលិកដែលមានជំនាញគ្រប់គ្រាន់ ដែលនេះជាឧបសគ្គសម្រាប់កំណើនវិស័យឯកជន៕