Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តើកម្ពុជាត្រូវមានកម្មវិធីកំណែទម្រង់អ្វីខ្លះ ដើម្បីរុញការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែខ្លាំង និងឆាប់រហ័ស ខណៈកំពុងរងសម្ពាធដោយសារជម្លោះព្រំដែន? (Video inside)

17-10-2025 10:16

(ភ្នំពេញ)៖ លោក Anthony Gill នាយកស្តីទី ADB ប្រចាំប្រទេសកម្ពុជា​ បានលើកឡើងពីកម្មវិធីកំណែទម្រង់សំខាន់ៗ ដែលកម្ពុជាត្រូវធ្វើ ដើម្បីរុញការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែខ្លាំង និងឆាប់រហ័ស ខណៈបច្ចុប្បន្ននេះ សេដ្ឋកិច្ចកម្ពុជាកំពុងរងសម្ពាធដោយសារជម្លោះព្រំដែន​ជាមួយថៃ។

លោក Anthony Gill បានមានប្រសាសន៍ថា ដើម្បីធានាបាននូវកំណើនប្រកបដោយបរិយាប័ន្ន និងធន់ កម្ពុជាត្រូវតែពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចការពារសង្គម។ ការនេះអាចធ្វើទៅបានលុះត្រាតែមានការកៀរគរធនធានក្នុងស្រុកកាន់តែមានប្រសិទ្ធភាព។

ទន្ទឹមគ្នានេះ លោកបន្ថែមថា ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចដែលមានមូលដ្ឋានទូលំទូលាយ និង​ផ្តល់អត្ថប្រយោជន៍ប្រកបដោយបរិយាបន្ន កម្ពុជាត្រូវការបណ្តាញផ្លូវប្រសើរជាងមុន ថាមពលកាន់តែច្រើន ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងជំនួយសង្គមនានា ដើម្បីជួយដល់ក្រុមងាយរងគ្រោះក្នុងគ្រាមានវិបត្តិ។ ​បន្ថែមពីនេះ ការកៀរគរធនធានក្នុងស្រុកមានសារៈសំខាន់ណាស់ ព្រោះវាអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចចំណាយលើទំនិញសាធារណៈសំខាន់ៗ ក៏ដូចជាបណ្តាញសុវត្ថិភាពសង្គម។ ​

លោកបន្តថា ADB កំពុងគាំទ្ររដ្ឋាភិបាលក្នុងការអនុវត្តកំណែទម្រង់សារពើពន្ធ ដូចជាពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន តាមរយៈប្រាក់កម្ចីផ្អែកលើគោលនយោបាយសម្រាប់គ្រប់គ្រងវិស័យសាធារណៈ។

ជាមួយនេះ ​លោក Anthony Gill ​បានលើកឡើងផងដែរពីសម្ពាធមួយចំនួន ដែលនាំឱ្យការអភិវឌ្ឍ​អន់ថយ​ ស្របពេលដែលកំពុងមានភាពតានតឹង​នៅតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ ដែលនាំដល់បញ្ហាប្រឈមសម្រាប់ការងើបឡើងវិញ​។ ​ប៉ះពាល់​ទាំងនោះមានដូចជា ការរំខានដល់ពាណិជ្ជកម្ម និងអតិផរណា​ ,ការរំខានដល់ទីផ្សារការងារ និងភាពអត់ការងារធ្វើ​, ​ការរំខានផ្នែកទេសចរណ៍ និងការបាត់បង់ប្រាក់ចំណូល​ជាដើម។

លោកបញ្ជាក់ថា បញ្ហាប្រឈមទាំងនេះ ធ្វើឱ្យការវិនិយោគដែលបានលើកឡើងខាងលើ ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធ បរិយាកាសអាជីវកម្ម និងជាពិសេសធនធានមនុស្ស កាន់តែមានសារៈសំខាន់។

លោក Anthony Gill លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «មូលដ្ឋាន​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា»

សូមស្តាប់ការពន្យល់បន្ថែមរបស់​ លោក Anthony Gill៖