នាយកស្តីទី ADB ប្រចាំកម្ពុជា លើកឡើងពីវិស័យសំខាន់ៗ ដែលជំរុញការអភិវឌ្ឍកម្ពុជា (Video inside)
17-10-2025 10:08
(ភ្នំពេញ)៖ លោក Anthony Gill នាយកស្តីទីធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB ប្រចាំប្រទេសកម្ពុជា បានលើកឡើងពីវិស័យសំខាន់ៗ ដែលជំរុញការអភិវឌ្ឍប្រទេសកម្ពុជា ក្រោយជំងឺរាតត្បាតកូវីដ១៩ ដែលត្រូវបាននាំមុខដោយវិស័យកម្មន្តសាល។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក Anthony Gill អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «មូលដ្ឋានជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
លោក Anthony Gill បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយជំងឺរាតត្បាតកូវីដ១៩ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបាននាំមុខដោយវិស័យកម្មន្តសាល ដោយមានការគាំទ្រ ដោយការងើបឡើងវិញជាបន្តបន្ទាប់ នៃវិស័យទេសចរណ៍»។
លោក Anthony Gill បានលើកឡើងថា ចាប់តាំងពីវិបត្តិកូវីដ-១៩មក ផលិតកម្មវិស័យកាត់ដេរតែមួយ បានរួមចំណែកប្រហែលមួយភាគបី នៃកំណើន ទាំងមូលរបស់កម្ពុជា។ កំណើនដ៏ខ្លាំងនៃផលិតកម្មកាត់ដេរ គឺជាសក្ខីភាពមួយ ដែលបង្ហាញភាពប្រសើរឡើងរបស់កម្ពុជា ក្នុងការបើកទូលាយពាណិជ្ជកម្ម គោលនយោបាយ FDI និងឡូជីស្ទិចធុរកិច្ច។
* វិស័យសំខាន់ៗផ្សេងទៀត ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចដែរ រួមមាន៖ ផលិតកម្មក្រៅពីវិស័យកាត់ដេរ (ដូចជាផលិតកម្មគ្រឿងសង្ហារឹម កៅស៊ូ និងឧបករណ៍អេឡិចត្រូនិកជាដើម)។ ទាំងនេះឆ្លុះបញ្ចាំងពីពិពិធកម្មសេដ្ឋកិច្ច។
* វិស័យសេវាកម្ម បានផ្តល់ការជំរុញខ្លះដែរ ដែលនាំមុខដោយការងើបឡើងវិញ នៃសកម្មភាពផ្សេងៗ ទាក់ទងនឹងវិស័យទេសចរណ៍ ក្រោយជំងឺរាតត្បាត ខណៈដែលវិស័យកសិកម្ម បានរួមចំណែកតិចតួចដល់កំណើន ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។
បន្ថែមពីនោះទៀត នាយកស្តីទី ADB ប្រចាំកម្ពុជា បានលើកឡើងទៀតថា ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាពបន្ថែមទៀត វានឹងតម្រូវឱ្យមានការរួមចំណែកខ្លាំងពីវិស័យក្រៅពីឧស្សាហកម្មទាំងនេះ។
ទន្ទឹមគ្នានេះ លោក Anthony Gill បានបញ្ជាក់ថា ADB កំពុងជួយរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការស្តារវិស័យកសិកម្មរបស់កម្ពុជា តាមរយៈការវិនិយោគ លើទំនើបកម្មការងារកសិកម្ម និងការគ្រប់គ្រងធនធាន៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក Anthony Gill៖