Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកដ្ឋានពន្ធដារ៖ ការជួលអចលនទ្រព្យដែលមានតម្លៃក្រោម ៥០០ ០០០រៀល ត្រូវបានលើកលែងពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ (Video inside)

16-10-2025 10:26

(ភ្នំពេញ)៖ ពន្ធលើថ្លៃឈ្នួនអចលនទ្រព្យ មានវិសាលភាពអនុវត្ត លើកម្មសិទ្ធិករ ឬសិទ្ធិវន្ត មិនមែនជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលជួលអចលនទ្រព្យនៅកម្ពុជា តាមអត្រា១០ភាគរយ នៃថ្លៃឈ្នួលអចលនទ្រព្យសរុប។

កម្មសិទ្ធិករ ឬសិទ្ធិវន្ត ឬអ្នកតំណាង ដែលមានសិទ្ធិត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ជូនរដ្ឋបាលសារពើពន្ធ ដែលអចលនទ្រព្យនោះស្ថិតនៅ ជារៀងរាល់ខែយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ ប្រសិនបើកិច្ចសន្យាតម្រូវឱ្យបង់ថ្លៃឈ្នួលប្រចាំខែ ឬយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ (គិតពីខែដែលធ្វើការទូទាត់ថ្លៃឈ្នួលសរុប) ប្រសិនបើកិច្ចសន្យាតម្រូវឱ្យមានការបង់ថ្លៃឈ្នួល សម្រាប់រយៈពេលច្រើនខែ។

យ៉ាងណាមិញពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ក៏មានការលើកលែងផងដែរចំពោះថ្លៃឈ្នួលពី ការជួលអចលនទ្រព្យចំពោះគ្រប់ករណីទាំងឡាយ ដែលសរុបប្រាក់ឈ្នួលប្រចាំខែក្រោម៥០០ ០០០ (ប្រាំសែន)រៀល។ ទន្ទឹមនឹងនេះ ពន្ធនេះក៏ត្រូវបានលើកលែងផងដែរចំពោះ៖

* ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់រាជរដ្ឋាភិបាលឬក្រសួង ស្ថាប័នរាជរដ្ឋាភិបាល
* ថ្លៃឈ្នួលពីការជួលអចលនទ្រព្យ របស់បេសកកម្មការទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេស របស់រដ្ឋាភិបាលដទៃទៀត
* ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់អង្គការ ឬសមាគមណាមួយដែលត្រូវបានរៀបចំឡើង និងដំណើរការសម្រាប់គោលដៅសុទ្ធសាធ ខាងសាសនា សប្បុរសធម៌ វិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬអប់រំ ហើយគ្មានចំណែកណាមួយនៃថ្លៃឈ្នួលត្រូវបានប្រើប្រាស់ជាប្រយោជន៍ឯកជន
* ប្រាក់ដែលអ្នកជួលបានតម្កល់ទុកជាប្រាក់ធានា ដែលកម្មសិទ្ធិករ ឬសិទ្ធិវន្តត្រូវប្រគល់គ្រប់ចំនួនឱ្យអ្នកជួលវិញនៅពេលចប់កិច្ចសន្យា
* ថ្លៃឈ្នួលដែលបានកាត់ទុកប្រាក់ពន្ធរួចហើយ ដោយសហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ស្របតាមមាត្រា២៥ និងមាត្រា២៦ នៃច្បាប់ស្តីពីសារពើពន្ធ
* ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់សហគ្រាស ជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលបានគិតបញ្ចូលក្នុងប្រាក់ចំណូលជាប់ពន្ធ របស់សហគ្រាសរួចហើយ៕