តម្លៃហាងឆេងមាសបានបំបែកកំណត់ត្រាជាថ្មី ហក់ឡើងដល់ ៥០២២ដុល្លារក្នុងមួយតម្លឹង កើនឡើងខ្ពស់បំផុតមិនធា្លប់មាន
14-10-2025 17:53
(ភ្នំពេញ)៖ នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ការជួញដូរមាសនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងជាបន្តបន្ទាប់ ដែលគិតត្រឹមម៉ោង១២ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ តម្លៃហាងឆេងមាសបានហក់ឡើងរហូតដល់៥ ០២២ដុល្លារក្នុងមួយតម្លឹង ដែលជាតម្លៃខ្ពស់មិនធា្លប់មានពីមុនមក ខណៈអ្នកជំនាញបានព្យាករតម្លៃមាសនេះ អាចនឹងបន្ដហក់ឡើងថែមទៀតរហូតដល់ដំណាច់ឆ្នាំ២០២៥។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន PP Link Securities បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា «នៅម៉ោងប្រមាណជា ១២ថ្ងៃត្រង់នេះ ហាងឆេងមាសបានហក់ឡើងប្រមាណ ៤ ១៦៤ដុល្លារ ក្នុងមួយអោន បើគិតជាតម្លៃអន្ដរជាតិ ប៉ុន្ដែបើគិតតម្លៃក្នុងប្រទេសកម្ពុជា កំពុងស្ថិតក្នុងការតម្លៃ៥០២២ដុល្លារ ក្នុងមួយតម្លឹងលើទីផ្សារ។ ចំពោះការកើនឡើងនៃហាងឆេងមាសនេះ គឺមកពីទំនុកចិត្តនៃការវិនិយោគហាងឆេងមាស»។
លោក ឡុង សំណាង បានថ្លែងបន្ដថា ជាធម្មតាក្នុងអឡុងខែតុលា, វិច្ឆិកា, ធ្នូ តម្លៃហាងឆេងមាស មានភាគរយច្រើនណាស់ ក្នុងការកើនឡើង។ ក្នុងនោះទីផ្សារសហរដ្ឋអាមេរិក ត្រូវបានបិទខ្ទប់ក្នុងអំឡុងខែតុលានេះ ហើយមិនទាន់មានគោលការណ៍ ឬគម្រោងការណ៍ណាមួយ ដែលនឹងប្រកាសថា ក្នុងឆ្នាំ២០២៦ អាមេរិកនឹងធ្វើបែបណាបន្ដ ពិសេសធនាគាររកណ្ដាលសហរដ្ឋអាមេរិក រហូតមកដល់ពេលនេះមិនមានសេចក្ដីរាយការណ៍ណាមួយថា គួរតម្លើង ឬទម្លាក់អត្រាការប្រាក់ប៉ុន្មានដង ក្នុងឆ្នាំ២០២៦នោះឡើយ។ នេះជាហេតុធ្វើឲ្យវិនិយោគិនមានក្ដីព្រួយបារម្ភថា សហរដ្ឋអាមេរិកមានការស្រពិចស្រពិល លើគោលនយោបាយហិរញ្ញវត្ថុរបស់ខ្លួន ដូច្នេះហើយមានតែមាសទេ ដែលជួញដូរមានសុវត្ថិភាពជាងគេ។
ព្រមជាមួយគ្នា អត្រាអតិផរណានៅសហរដ្ឋអាមេរិកក៏មានកើនឡើង ជាក់ស្ដែងក្នុងឆ្នាំ២០២១-២០២៣ អត្រាអតិផលរណារបស់អាមេរិក កើនឡើងរហូតដល់ ៩.១% ដែលជំរុញឱ្យតម្លៃហាងឆេងមាសចាប់ផ្ដើមហក់ឡើងរហូតមកដល់ពេលនេះ។ ដូច្នេះគោលដៅនៃការកាត់បន្ថយការប្រាក់ អាចនឹងរក្សារទុកដោយសារតែទប់ស្កាត់នៃការកើនឡើងអត្រាអតិផរណា។
លោកបន្តថា ប្រាក់ដុល្លារអាចនឹងធ្លាក់ចុះ ទោះបីជាអត្រាការប្រាក់នៅខ្ពស់ដដែលក្ដី នេះគ្រាន់តែជាការរក្សាអត្រាការប្រាក់ ដើម្បីទប់អត្រាអតិផរណាប៉ុណ្ណោះ ដែលធ្វើឲ្យវិនិយោគិននឹងងាកមកជួញដូរតម្លៃហាងឆេងមាស និងបោះបង់ប្រាក់ដុល្លារ។
លោកបានបញ្ជាក់ថា «ជាការពិតតម្លៃហាងឆេងមាស អាចនឹងបន្ដហក់ឡើង ប្រសិនបើអាមេរិក មិនទាន់បង្ហាញពីគោលជំហរច្បាស់លាស់ ក្នុងឆ្នាំ២០២៦ ឬធនាគារកណ្ដាលមិនទាន់បញ្ជាក់ច្បាស់លាស់ថា ឆ្នាំ២០២៦ គោលការណ៍ហិរញ្ញវត្ថុនឹងប្រែប្រួលបែបណា។ ប៉ុន្ដែទោះបីជាការកើនឡើងខ្ពស់យ៉ាងនេះ ហាងឆេងមាសក៏អាចនឹងមានការធ្លាក់ចុះមកវិញខ្លាំង ក្នុងកម្រិតខ្លាំងណាមួយប្រសិនបើអាមេរិកប្រកាសពីគោលជំហរលើការដឹកនាំប្រទេសក្នុងឆ្នាំ២០២៦ និងធនាគារកណ្ដាលអាមេរិក ប្រកាសពីគោលការណ៍ការគ្រប់គ្រងហិរញ្ញវត្ថុ ឬការកំណត់អត្រាការប្រាក់ឲ្យសាកសមនឹងអតិផរណា ក៏ដូចជាការចំណាយចំណូលរបស់ប្រជាជន»៕